Close

សម្ដេចតេជោ ជំរុញឱ្យមានការគាំទ្រផលិតផលក្នុងស្រុកនាពេលចូលឆ្នាំខ្មែរ សំដៅលើកកម្ពស់សេដ្ឋកិច្ចផ្ទៃក្នុង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ជំរុញឱ្យមានការគាំទ្រផលិតផលក្នុងស្រុកនាពេលចូលឆ្នាំខ្មែរ សំដៅលើកកម្ពស់សេដ្ឋកិច្ចផ្ទៃក្នុង សម្ដេចតេជោ ជំរុញឱ្យមានការគាំទ្រផលិតផលក្នុងស្រុកនាពេលចូលឆ្នាំខ្មែរ សំដៅលើកកម្ពស់សេដ្ឋកិច្ចផ្ទៃក្នុង

ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារអបអរ ក៏ដូចជាជំរុញបន្ថែមនូវការផលិត និងគាំទ្រផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ដើម្បីជាការកសាងសេដ្ឋកិច្ចផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង ការផលិតបាននូវផលិតផលក្នុងស្រុក គឺជារឿងអាទិភាពមួយ ហើយដើម្បីគាំទ្រដល់ការផលិតដែលមាននិរន្តរភាព ប្រជាជនក្នុងស្រុកក៏ ត្រូវចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលដែលផលិតបានផងដែរ។

នៅក្នុងសារលិខិតអបអរសាទរ សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖ «ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំដើម្បីផ្សព្វផ្សាយដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់រួមគ្នាផលិត កែច្នៃ ប្រើប្រាស់ និងទិញផលិតផលខ្មែរ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សម្រាប់ជាការរួមគ្នាកសាងកម្លាំងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត»។

ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ដែលនឹងត្រូវរៀបចំនៅខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលដែនដី គ្រប់លំដាប់ថ្នាក់ត្រូវខិតខំបន្តជំរុញការផលិត ការកែច្នៃ ឱ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយ តាមមូលដ្ឋាន ការស្វែងរកទីផ្សារជូនផលិតករឱ្យបានទូលំទូលាយ ស្របតាមទស្សនាទានចលនាភូមិមួយ ផលិតផលមួយ។

សម្ដេចក៏អំពាវនាវឱ្យយកព្រឹត្តិការណ៍នេះ ជាសំឡេងស្គរទូងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់រូបឱ្យខិតខំផលិត និងប្រើប្រាស់ផលិតផលខ្មែរ ហើយអ្នកផលិតគ្រប់រូបត្រូវខិតខំកែលម្អគុណភាព ផលិតផលរបស់ខ្លួន ដើម្បីបង្កើនតម្លៃបន្ថែមឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។

គួរបញ្ជាក់ថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ” ដែលគណៈកម្មាធិការជាតិជំរុញ ចលនាភូមិ មួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានរួមសហការគ្ន រៀបចំទិវាជាតិនេះឡើងវិញបន្ទាប់ពីស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩បានធូរស្រាល៕

អត្ថបទទាក់ទង