គ្រូបង្វឹកថៃនិយាយថា ការប្រកួតជាមួយវៀតណាម គឺជាការប្រកួតដ៏លំបាកមួយ
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃ លោក Issara Sritaro បានបង្ហើបពីអារម្មណ៍ក្រោយដឹងលទ្ធផលចាប់ឆ្នោតក្នុងសមរភូមិស៊ីហ្គេម ២០២៣ នៅកម្ពុជា ដោយនិយាយថា ការប្រកួតជាមួយវៀតណាម គឺជាការប្រកួតដ៏លំបាកមួយ។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ការចាប់ឆ្នោតបែងចែកពូលត្រូវបានធ្វើរួចរាល់ហើយ ដោយក្រុមជម្រើសជាតិថៃ ស្ថិតក្នុងពូល B ជាមួយប្រទេស វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ដែលត្រូវបានគេចាត់ទុកថា ជាពូលមួយដ៏ពិបាក ឬអាចនិយាយបានថាជាពូលមរណៈ។
ទោះយ៉ាងណាក៏ដោយ គ្រូបង្វឹកថៃ លោក Issara Sritaro បាននិយាយថា ៖«វាមិនអីទេ ក្នុងការចាប់ឆ្នោត។ យ៉ាងហោចណាស់ ក៏យើងអាចជួបក្រុមខ្លាំងជាងពីរដែរ ដូច្នេះវាល្អ សម្រាប់ការអភិវឌ្ឍក្រុម។ ចាត់ទុកថាពេញចិត្តព្រោះយើងជួបសិង្ហបុរី យើងមានពេលជួបម៉ាឡេស៊ី និងជួបឡាវ យើងមានផែនការ យើងចង់ឈ្នះគ្រប់ការប្រកួត»។
លោក Issara បានសង្កត់ធ្ងន់ថា ៖« ការប្រកួតជាមួយវៀតណាម គឺជាការប្រកួតដ៏លំបាកមួយ។ ដូច្នេះយើងត្រូវតែផ្ដោតអារម្មណ៍ឲ្យបានល្អបំផុតគ្រប់ការប្រកួត។ យើងនឹងព្យាយាមប្រមូលព័ត៌មានអំពីដៃគូប្រកួតប្រជែងរបស់យើង។ ឥឡូវនេះយើងមានព័ត៌មានទាំងអស់ ហើយយើងត្រូវរៀបចំផែនការ និងពិភាក្សាជាមួយក្រុម។ យើងនឹងប្រឈមមុខ នឹងការប្រកួតដ៏ល្អពីរ។ ជួបក្រុមអាស៊ានក្នុងកម្រិតខ្ពស់ ប៉ុន្តែយើងមិនមើលស្រាលទេ ខ្ញុំចង់បានការលើកទឹកចិត្តពីអ្នកគាំទ្រ»។
គួរបញ្ជាក់ថា នៅស៊ីហ្គេម ២០២៣នេះ ក្រុមជម្រើសជាតិថៃ នឹងចាប់ផ្ដើមប្រកួតដំបូងនៅថ្ងៃទី ៣០ខែមេសា ជាមួយ ក្រុមជម្រើសជាតិសិង្ហបុរី នៅកីឡដ្ឋាន Prince Stadium។ បន្ទាប់មកត្រូវជួបម៉ាឡេស៊ី ឡាវ និងចុងក្រោយប៉ះវៀតណាម៕