រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើអគ្គស្នងការនគរបាលជាតិទប់ស្កាត់ការផ្សព្វផ្សាយចម្រៀង «ឈាមបាតុករ»
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានស្នើដល់ឯកឧត្តមនាយឧមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា «ឈាមបាតុករ» ដែលមានចេតនាញុះញង់បង្កអសន្តិសុខក្នុងសង្គម។
នៅក្នុងលិខិតស្នើសុំផ្តល់កិច្ចអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្ដាញប្រព័ន្ធព័ត៌មានសង្គមដែលបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណង «ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយបានគូសបញ្ជាក់ថា ខ្លឹមសារនៅក្នុងបទចម្រៀងមួយនេះមានចេតនា អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។
បើតាមលោកជំទាវ ភឿង សកុណា បានឱ្យដឹងថា បទចម្រៀង «ឈាមបាតុករ» ត្រូវបាននិពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។ បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ។ តែនៅពេលថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយឡើងវិញ។
ជាការកត់សម្គាល់ការផ្សព្វផ្សាយឡើងវិញនូវបទចម្រៀង «ឈាមបាតុករ» ត្រូវបានធ្វើឡើងក្រោមសេនារីយោមួយច្បាស់លាស់។ ក្រុមអង្គការមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល មានដូចជាអង្គការលីកាដូ និងសង់ត្រាល់ជាដើម បូករួមជាមួយក្រុមអ្នកនយោបាយប្រឆាំង បាននាំគ្នាគាស់រំលើង និងផ្សព្វផ្សាយព្រមៗគ្នាលើបណ្តាញសង្គម។
នៅក្នុងលិខិតស្នើសុំដដែលបានសង្កត់ធ្ងន់ថា ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យឃើញក្នុងពេលបច្ចុប្បន្ននេះ មាន Pape បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួនបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើង – ឈាមបាតុករ – ដែលមានខ្លឹមសារ អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គមរបស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកច្រៀង ឈ្មោះ គា សុគន្ធ ដែលធ្លាប់ត្រូវបានក្រសួងមហាផ្ទៃបាត់វិធានការបិទ និង ផ្ដន្ទាទោសម្តងរួចហើយមកផ្សព្វផ្សាយជាថ្មីឡើងវិញ។
អាស្រ័យហេតុនេះ ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតីដែលអាចនឹងកើតមានឡើងជាយថាហេតុ តាមរយៈបទចម្រៀងដែលមានខ្លឹមសារ អុជអាល ញុះញង់ នេះ ខ្ញុំសូម ឯកឧត្តមនាយឧមសេនីយ៍សន្តិបណ្ឌិត មេត្តាពិនិត្យចាត់វិធានការនានាតាមទីតធីច្បាប់ដែលមានជាធរមានដោយអនុគ្រោះ៕