សម្ដេចក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងដូច្នេះ ក្នុងអំឡុងពេលអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ទើបតែងតាំងថ្មី នៅវិមានសន្តិភាព នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ។
ចំពោះការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន សម្ដេចក្រឡាហោម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយដែលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ។
សម្ដេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺបទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់នៃកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្តន្ទាទោសដល់អ្នកពាក់ព័ន្ធក៏ដូចជាមេក្លោង ក្នុងបទល្មើសទាំងនេះដែរដែលមានវត្តមានក្នុងប្រទេសរបស់ខ្លួន។
ជាទន្ទឹមនេះ សម្ដេចក៏សុំយកឱកាសនេះសម្តែងនូវបំណងឲ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាស្នើឲ្យមានការចែករំលែកបទពិសោធក៏ដូចជាការអនុវត្តល្អៗរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការងារប្រយុទ្ធប្រឆាំងទៅឧក្រិដ្ឋកម្មឆ្លងដែន។
សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថា តាមរយៈអាណត្តិនៃបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានឹងបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយនឹងក្រសួងមហាផ្ទៃកាន់តែរីកចម្រើនលូតលាស់ថែមទៀត៕