Close

ចំប៉ីស ៧០ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មផលិតកម្មអង្ករក្រអូបនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ចំប៉ីស ៧០ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មផលិតកម្មអង្ករក្រអូបនៅកម្ពុជា ចំប៉ីស ៧០ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មផលិតកម្មអង្ករក្រអូបនៅកម្ពុជា

ភ្នំពេញ ៖ កម្ពុជា និង អូស្ត្រាលី បានដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីគឺ ចំប៉ីស ៧០ បន្ទាប់ពីប្រើពេលអស់ ៩ ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធន៍នៅលើស្រែកសិករចំនួន ៨០ កន្លែង ខណៈចំប៉ីស ៧០ ដែលជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម ៣ ខែ ក្នុងការដាំដុះនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូបនៅកម្ពុជា។

ពូជស្រូវចំប៉ីស ៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា “វ.ស.អ.ក.ក- និងរដ្ឋាភិបាលអូស្ត្រាលី ខណៈចំប៉ីស ៧០ ជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។

ចំប៉ីស ៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួលរបស់កម្ពុជា ដែលជាស្រូវជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយ នឹងស្រឡាយស្រូវមិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ទិវាស្រែចំនួនបីត្រូវបានរៀបចំដោយមានការចូលរួមពីកសិករប្រមាណជា ៩០ នាក់ ដែលមួយភាគបីនៃអ្នកចូលរួមគឺជាស្ត្រី ដើម្បីវាយតម្លៃទៅលើស្រឡាយដែលល្អបំផុតសម្រាប់ការបញ្ចេញពូជ។ ស្រឡាយមួយ ត្រូវបានជ្រើសរើស និងដាក់ជូនគណៈកម្មការ បញ្ចេញពូជដំណាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំប៉ីស ៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម ៣ ខែ ក្នុងការដាំដុះ។ ស្រូវនេះ គឺជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដងក្នុង១ឆ្នាំ ដែលនាំឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។ ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ៖ «ចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យអបអរសាទរខួប ៧០ ឆ្នាំនៃទំនាក់ ទំនងការទូតដ៏សំខាន់ វាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។ ពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង» ។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម Justin Wlyatt បានលើកឡើងថា ៖« ប្រទេសអូស្ត្រាលីមានមោទកភាព ដែលបានគាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស៧០នេះ។ ខ្ញុំសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជា នឹងដាំដុះពូជស្រូវចំប៉ីស ៧០ នេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ រួមទាំងទីផ្សារប្រទេសអូស្ត្រាលីផងដែរ»។

លោក ឡោ ប៊ុណ្ណា នាយក វ.ស.អ.ក.ក បានលើកឡើងថា ៖« ពូជស្រូវមួយនេះពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់កសិករ និងពាណិជ្ជករ។ វាអាចជួយកសិករក្នុងការកាត់បន្ថយការចំណាយ និងកម្លាំងក្នុងការថែទាំស្រែរបស់ពួកគេ។ ដោយសារតែវាជា ប្រភេទពូជស្រូវមិនប្រកាន់រដូវពាណិជ្ជករអាចទិញស្រូវចំប៉ីស ៧០ បានពេញមួយឆ្នាំតែម្តង» ។

វិស័យកសិកម្ម គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២១។ វិស័យនេះ ផ្ដល់ការងារជាងមួយភាគបីនៃចំនួនការងារសរុបរបស់កម្ពុជា ដែលច្រើនជាងពាក់កណ្ដាលនៃអ្នកធ្វើការសរុប គឺជាស្ត្រី។

អង្ករក្រអូប មានតម្រូវការខ្ពស់នៅទូទាំងពិភពលោក ដែលការនាំចេញមានចំនួនច្រើនជាង ៦០ភាគរយ នៃអង្កនាំចេញសរុបរបស់ កម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់គោលដៅនាំចេញអង្ករឱ្យបាន១លានតោនក្នុងឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ផងដែរថា ប្រទេសអូស្ត្រាលី គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងកិច្ចគាំទ្រលើវិស័យកសិកម្មចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ គឺនៅពេល ដែលអូស្ត្រាលី បានបញ្ជូនអ្នកជំនាញកសិកម្ម មកជួយធ្វើអោយប្រសើរឡើងនូវការស្រាវជ្រាវដែលយកដំណាំស្រូវជាមូលដ្ឋាន។ អូស្ត្រាលី ក៏បានគាំទ្រលើការងារសំខាន់ៗផ្សេងៗទៀត រួមមានការបង្កើតឡើងនូវ វិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងឆ្នាំ១៩៩៩ ក្រោមភាពជាដៃគូដ៏រឹងមាំជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងការដាក់ឱ្យដំណើរការកម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា (CAVAC) មានរយៈពេល ១២ ឆ្នាំ ដែលទើបតែបញ្ចប់ក្នុងឆ្នាំ២០២២។

អត្ថបទទាក់ទង