ប្រទេសប៉េរូ ត្រូវបាន FIFA ដកសិទ្ធិធ្វើម្ចាស់ផ្ទះ U-17 World Cup
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងនេះ ប្រទេសប៉េរូ បានក្លាយជាប្រទេសទី២ ដែលត្រូវបាន FIFA ដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup បន្ទាប់ពីស្ថាប័នគ្រប់គ្រង កាលពីថ្ងៃចន្ទ បាននិយាយថា ប្រទេសអាមេរិកខាងត្បូង បានបរាជ័យក្នុងការបំពេញការប្តេជ្ញាចិត្តផ្នែកហេដ្ឋារចនាសម្ព័ន្ធ មុនពេលការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម ១៧ ឆ្នាំ។
FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើង ដោយសារតែអសមត្ថភាពរបស់ប្រទេសម្ចាស់ផ្ទះក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ក៏ដូចជាការបំពេញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការសម្រាប់រៀបចំការប្រកួត។ ដោយឡែកសម្រាប់ការប្រកួតនៅតែគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ដោយបន្ថែមថា ក្រុមប្រឹក្សារបស់ខ្លួននឹងតែងតាំងម្ចាស់ផ្ទះថ្មី”។
FIFA បានបន្តថា “ទោះបីជាមានទំនាក់ទំនងការងារជាវិជ្ជមានរវាង FIFA និងសហព័ន្ធកីឡាបាល់ទាត់ប៉េរូ (FPF) ក៏ដោយ វាត្រូវបានគេកំណត់ថា ឥឡូវនេះ មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីធានាការវិនិយោគដែលត្រូវការ និងបំពេញការងារចាំបាច់ជាមួយរដ្ឋាភិបាលប៉េរូ មុនកាលបរិច្ឆេទចាប់ផ្តើមការប្រកួត។ FIFA សូមថ្លែងអំណរគុណដល់ FPF សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ហើយនៅតែបើកចំហរក្នុងការរៀបចំការប្រកួតនៅប្រទេសប៉េរូ នាពេលអនាគត”។
ជុំវិញបញ្ហានេះ FPF បានចេញមកបញ្ជាក់ថា “ការសម្រេចចិត្តនេះ គឺផ្អែកលើការពន្យារពេលក្នុងការចាប់ផ្តើមដំណើរការនៃហេដ្ឋារចនាសម្ព័ន្ធកីឡា។ តំបន់ភាគខាងជើងនៃប្រទេសប៉េរូ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង កាលពីខែមុន នៅចំកណ្តាលព្យុះស៊ីក្លូន យ៉ាកូ ដែលនាំឱ្យផ្ទះសម្បែង និងរថយន្តជាច្រើន ត្រូវបានកប់នៅក្នុងភក់ និងមនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់។
សហព័ន្ធប៉េរូបានបន្ថែមថា ខ្លួន និង FIFA បាននិងកំពុងធ្វើការលើ “អង្គការប្រតិបត្តិការ” នៃព្រឹត្តិការណ៍នេះ ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសប៉េរូ ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នៃកន្លែងសាធារណៈ។
គួររំលឹកថា កាលពីខែមុន ប្រទេសឥណ្ឌូណេស៊ី ត្រូវបានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម ២០ឆ្នាំ បន្ទាប់ពីមានការខឹងសម្បារ ក្នុងចំណោមអ្នកនយោបាយមួយចំនួននៅក្នុងប្រទេសដែលកាន់សាសនាឥស្លាមច្រើនជាងគេ អំពីការចូលរួមរបស់អ៊ីស្រាអែល៕