Close

រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញទស្សនទានថ្មី «រក្សាតម្លៃចំពោះអ្នកផលិត និងអ្នកទទួលទាន»

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញទស្សនទានថ្មី «រក្សាតម្លៃចំពោះអ្នកផលិត និងអ្នកទទួលទាន» រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញទស្សនទានថ្មី «រក្សាតម្លៃចំពោះអ្នកផលិត និងអ្នកទទួលទាន»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងពីទស្សនទានថ្មីដោយរក្សាស្ថិរភាពតម្លៃចំពោះអ្នកអ្នកផលិត អ្នកចែកចាយ និងអ្នកទទួលទាន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ ។

ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ទស្សនទានថ្មីរបស់ក្រសួងកសិកម្ម គឺការធានាស្ថិរភាពតម្លៃមិនឱ្យកើនឡើង ឬក៏ធ្លាក់ចុះ ដោយហេតុថា កាលណាតម្លៃធ្លាក់ចុះធ្វើឱ្យអ្នកផលិតជួបការលំបាកដែលមិនអាចផ្គត់ផ្គង់បាន ប៉ុន្តែបើតម្លៃកើនឡើងខ្ពស់គឺអាចប៉ះពាល់ដល់អ្នកទទួលទានទូទាំងប្រទេស។ ម៉្យាងវិញទៀត នៅក្នុងទស្សនទាននៃការរក្សាតម្លៃ ក៏តម្រូវឱ្យមានការបែងចែកនូវផលចំណេញក្នុងកម្រិតមួយសមរម្យ ទាំងអ្នកទទួលទាន ទាំងអ្នកផលិត និងអ្នកចែកចាយក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូលតែម្ដង។

បន្ថែមពីលើនេះ ទស្សនទានថ្មីមិនមែនផ្ដោតទៅលើតែអ្នកផលិតដូចជាកសិករ អ្នកដាំ អ្នកចិញ្ចឹមនោះទេ ពោលគឺត្រូវពិនិត្យខ្សែសង្វាក់ផលិតកម្មទាំងមូល ព្រោះកសិករក៏ត្រូវពឹងផ្អែកលើតួអង្គមួយចំនួនដូចជាអ្នកនាំវត្ថុធាតុដើមចូល អាជីវករ អ្នកកែច្នៃ ដែលជាអ្នកបង្កើត និងជំរុញទីផ្សារឱ្យបានជោគជ័យ។

តួអង្គដែលសំខាន់មួយទៀតនោះគឺអ្នកបរិភោគមានជាង ១៦លាននាក់នៅទូទាំងប្រទេស ដែលជាអ្នកបរិភោគកសិផលផ្ទាល់ ខណៈដែលក្រសួងរំពឹងថានឹងមានការរីកចម្រើនព្រមគ្នានៃតួអង្គទាំងអស់ ពុំអាចលុបបំបាត់តួអង្គណាមួយពីខ្សែសង្វាក់ផលិតកម្មបានឡើយ។

គួរបញ្ជាក់ដែរថា ការវាយតម្លៃពីស្ថានភាពជាក់ស្ដែងក្នុងវិស័យកសិកម្មឃើញថា បច្ចុប្បន្នភាពកសិកម្មគឺមានភាពប្រសើរឡើងជាមួយនឹងរូបភាពថ្មី តួយ៉ាង អនុវិស័យក្សេត្រសាស្ត្រដែលមានដំណាំគ្រប់ប្រភេទ មានការវិវត្តខុសពីមុន ពោលគឺមានការផ្លាស់ប្ដូរថ្មី ប្ដូរពីការប្រើប្រាស់កម្លាំងច្រើន កម្លាំងសត្វពាហណៈ ទៅជាការប្រើម៉ាស៊ីន និងគ្រឿងយន្តផ្សេងៗដើម្បីភ្ជូររាស់ ការប្រើប្រាស់ពូជថ្មី ការប្រើថ្នាំសម្លាប់សត្វល្អិត ការដាក់ជីមានកម្រិតចិញ្ចឹមខ្ពស់ ដើម្បីបង្កើនទិន្នផល និងការច្រូតកាត់ដោយមាស៊ីន និងអាចលក់ភ្លាមៗតែម្ដង៕

 

អត្ថបទទាក់ទង