Close

អត្រាកំណើន GDP ខ្ពស់របស់វៀតណាមបិទបាំងបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អត្រាកំណើន GDP ខ្ពស់របស់វៀតណាមបិទបាំងបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន អត្រាកំណើន GDP ខ្ពស់របស់វៀតណាមបិទបាំងបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន

វៀតណាមបានបង្ហាញអំពីសន្ទុះសេដ្ឋកិច្ចដ៏រឹងមាំនៅឆ្នាំ2022 ជាមួយនឹង GDP សរុបបានកើនឡើង 8%ដែលជាល្បឿនលឿនបំផុតនៅក្នុងរយៈពេល25 ឆ្នាំកន្លងមកនេះ។ ទោះបីនេះជាសមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់មួយរបស់ប្រទេសនេះ បន្ទាប់ពីបានជួបប្រទះនឹងកំណើនយឺតយ៉ាវអស់រយៈ ពេល2ឆ្នាំ ដោយ សារជម្ងឺរាតត្បាត Covid-19ក៏ដោយ បើសិនជាយើងពិនិត្យឱ្យបានដិត ដល់ យើងឃើញថា វៀតណាមពិតជាមិនទាន់ងើបផុតពី បញ្ហានៅឡើយទេ។ អត្រាកំណើន GDP ខ្ពស់អាចត្រូវ បានគេពន្យល់ដោយកត្តាជាច្រើន។ -ការធ្លាក់ចុះទាបបំផុតកាលពីឆ្នាំ 2021 នៅពេលដែលសេដ្ឋកិច្ចរបស់វៀតណាមបានពង្រីកខ្លួនត្រឹមតែ 2.6% ដែលជាអត្រាទាបបំផុតចាប់តាំងពីវៀតណាមបានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅចុងទសវត្សរ៍ឆ្នាំ1980មក គឺជា ហេតុផលជាក់ស្តែងមួយ។

ក្រុមអ្នកជំនាញក៏ បានលើកឡើងអំពី ហេតុផលផ្សេងៗ ទៀតផងដែរ ដូចជាកំណើននៃការប្រើ ប្រាស់ក្នុងស្រុកខ្លាំង, ការនាំចេញដ៏រឹងមាំ និងការធ្វើឱ្យប្រសើរឡើងនូវការ វិនិយោគផ្ទាល់ពីបរទេស (FDI)។
ជាពិសេស ការលក់ទំនិញរាយ និងសេវាកម្មរបស់វៀតណាមនៅក្នុងឆ្នាំ2022 មានទំហំរហូតដល់ 240.2 ពាន់លានដុល្លារអាមេរិក បានកើន ឡើងជាង 19.8% បើធៀបនឹងតួលេខឆ្នាំ2021 និង15% បើធៀបនឹងតួលេខមុនជួបវិបត្តិជម្ងឺរាតត្បាតនៅឆ្នាំ2019។ ចំណូលនៃការ នាំចេញរបស់វៀតណាមក៏បានកើនឡើង 10.6% ក្នុងទំហំទឹកប្រាក់ ប្រមាណ371 ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះបានធ្វើឱ្យទំហំពាណិជ្ជកម្មសរុបរបស់វៀតណាមនៅក្នុងឆ្នាំ2022 កើនដល់ជិត 730 ពាន់លានដុល្លារ។

ទន្ទឹមគ្នានេះដែរ វិនិយោគិនបរទេស បានបញ្ចេញថវិកាចំនួន 22.4 ពាន់លានដុល្លារនៅក្នុងឆ្នាំ2022 ដើម្បីអនុវត្តន៍គម្រោង របស់ពួកគេនៅក្នុងប្រទេសនេះដែល តួលេខនេះបានកើនឡើង 13.5% បើធៀបនឹងតួលេខកាលពីឆ្នាំមុនៗ ហើយក៏ជាអត្រាខ្ពស់បំផុតនៅក្នុងរយៈពេល 5 ឆ្នាំកន្លងមកនេះ។ តួលេខខាងលើបានបង្ហាញថា វៀតណាមកំពុងទទួលបានអត្ថប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកវិនិយោគអន្តរជាតិដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។

អត្រាកំណើន GDP ដ៏គួរឱ្យចាប់អារម្មណ៍នេះត្រូវបានចុះផ្សាយយ៉ាង ច្រើននៅលើសារព័ត៌មានក្នុងស្រុក ហើយត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បន្ទាប់ពីទិន្នន័យនេះត្រូវបានចេញផ្សាយដោយការិយាល័យ ស្ថិតិទូទៅកាលពីថ្ងៃទី29 ខែធ្នូ។ ទោះបីជាយ៉ាងណាក៏ដោយ ការឆ្លើយ តបរបស់អ្នកអានចំពោះព័ត៌មាន និងសេចក្តីរាយការណ៍ផ្សេងៗទៀតដែលត្រូវបានធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញនូវរូបភាពខុសៗគ្នា។ ជាឧទាហរណ៍ នៅក្នុងសេចក្តីរាយការណ៍ដដែលដែលបានចេញ ផ្សាយនៅថ្ងៃទី30 ខែធ្នូ ពាក់ព័ន្ធនឹងការពន្យល់អំពីកំណើន GDP ដ៏រឹងមាំរបស់វៀតណាមនៅក្នុងឆ្នាំ2022 សារព័ត៌មាន VnExpress ដែលជាគេហទំព័រព័ត៌មានដែលត្រូវបានគេអានច្រើនបំផុតនៅ ក្នុងប្រទេសវៀតណាម បានធ្វើការស្ទង់មតិតាមរយៈការលើកជាសំណួរថា តើប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើង-ថយចុះ ឬនៅដដែលនៅក្នុងឆ្នាំ2022?។ 58% នៃអ្នកដែល បានឆ្លើយសំណួរសរុបចំនួន 5,672 នាក់ គិតត្រឹមថ្ងៃទី3 ខែមករា បានបង្ហាញថា ប្រាក់ចំណូលរបស់ពួកគេបានថយ ចុះ ខណៈ21% ទៀតបាននិយាយថា វានៅដដែល ហើយមានតែ21% ប៉ុណ្ណោះដែល បាននិយាយថា ប្រាក់ចំណូលរបស់ពួកគេបានកើនឡើង នៅក្នុងឆ្នាំ2022។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ការឆ្លើយតបអវិជ្ជមានបែបនេះអាចត្រូវបានពន្យល់ ដោយរបាយការណ៍ 2ផ្សេងទៀតដែលត្រូវបានបង្ហាញនៅ ពីក្រោមអត្ថបទខាងលើ។ របាយការណ៍ទី1 បានបង្ហាញអំពីរបៀបដែលអ្នក វិនិយោគវៀតណាមនៅក្នុងវិស័យអចលនទ្រព្យទទួល បានជោគជ័យនៅ ដើមឆ្នាំ2022 តែបែរជាត្រូវជួបប្រទះនឹង «ការខាតបង់ដ៏គួរឱ្យភ្ញាក់ផ្អើល» នៅចុងឆ្នាំនេះ ដោយសារតែតម្លៃអចលនទ្រព្យធ្លាក់ចុះ។ របាយការណ៍ទី2 បានរៀបរាប់អំពីស្ថានភាពដ៏ធ្ងន់ធ្ងរ ស្រដៀងគ្នានេះដែររបស់ក្រុមហ៊ុនកាត់ដេរនៅក្នុងប្រទេសវៀតណាម។ ពួកគេបានប្រមូលផលចំណេញ ច្រើននៅដើមឆ្នាំ ដោយសារការ ពង្រីកនៃតម្រូវការ នៅក្នុងទីផ្សារលោកខាងលិច។ ប៉ុន្តែពួកគេមិនមាន ការបញ្ជាទិញគ្រប់គ្រាន់ដើម្បីរក្សាប្រតិបត្តិការរបស់ពួកគេនោះឡើយចាប់ពីពាក់កណ្តាល ឆ្នាំរហូតដល់ចុងឆ្នាំ។ របាយការណ៍ទាំង2 បានសង្ខេបយ៉ាងខ្លីអំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលវៀតណាមកំពុងជួបប្រទះនៅពេលបច្ចុប្បន្ននេះ។

ចាប់ពីខែមីនា ឆ្នាំ2022 ប្រទេសវៀតណាមបានធ្វើយុទ្ធនាការមួយដើម្បីសម្អាតទីផ្សារមូលបត្របំណុលសាជីវកម្មដែលបាន ពង្រីកខ្លួនយ៉ាងខ្លាំងនៅក្នុងរយៈពេល 5ឆ្នាំចុងក្រោយនេះ ហើយថែមទាំងបាន បង្កើតហានិភ័យ សំខាន់ៗសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុ។ ក្រៅពីការដាក់ ចេញនូវតម្រូវការ យ៉ាងតឹងរ៉ឹងសម្រាប់ការចេញសញ្ញាប័ណ្ណសាជីវកម្មថ្មី និងការកាត់ទោសម្ចាស់ ក្រុមហ៊ុនចេញសញ្ញាប័ណ្ណសាជីវកម្មធំៗមួយ ចំនួន ដូចជាលោក Tan Hoang Minh និងលោក Van Thinh Phat សម្រាប់ការប្រើប្រាស់សញ្ញាប័ណ្ណមិនត្រឹមត្រូវ រដ្ឋាភិបាលក៏បានស្នើឱ្យអ្នកបោះ ផ្សាយសញ្ញាប័ណ្ណធំៗ ឱ្យកាត់បន្ថយ តាមរយៈការប្តូរមូលបត្របំណុលរបស់ពួកគេឱ្យបានឆាប់ដើម្បីទូទាត់ទៅធនាគារនិងអ្នកកាន់ប័ណ្ណបំណុលវិញ។

គួបផ្សំនឹងការកើនឡើងនៃអត្រាការប្រាក់និងការរឹត បន្តឹងទៅលើឥណទានដែលជា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលក្នុងការទប់ស្កាត់ការកើនឡើងនៃអត្រាអតិផរណា និងដើម្បីគាំទ្រដល់រូបិយប័ណ្ណក្នុងស្រុកនោះ វាបាន បង្កឱ្យមានវិបត្តិឥណទានយ៉ាង ធ្ងន់ធ្ងរ។ វិស័យដែលរងផល ប៉ះពាល់ខ្លាំងជាងគេ គឺវិស័យអចលនទ្រព្យនិងវិស័យថាមពលកកើតឡើងវិញដែលត្រូវពឹងផ្អែកទៅលើមូលបត្របំណុល និងកម្ចីពីធនាគារដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោង របស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលធ្វើអាជីវកម្មលើវិស័យផ្សេងៗទៀតក៏ទទួលរងផលប៉ះពាល់ផងដែរ ដោយ សារពួកគេមិនអាចចេញមូលបត្របំណុល ឬទទួលបានប្រាក់កម្ចីពីធនាគារដើម្បីគាំទ្រប្រតិបត្តិការរបស់ខ្លួន។ អាជីវកម្មមួយចំនួនត្រូវលក់ទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីប្តូរយកមូលបត្របំណុល ខណៈក្រុមហ៊ុនផ្សេងទៀតជាច្រើន បានកាត់បន្ថយការធ្វើប្រតិបត្តិការរបស់ពួកគេ ឬក៍បិទអាជីវកម្មរបស់ខ្លួន ដែលនាំឱ្យមានការ បញ្ឈប់ការងារ យ៉ាង ច្រើន ជាពិសេសគឺ នៅក្នុងវិស័យអចលនទ្រព្យតែម្តង។

អ្វីដែលធ្វើឱ្យបញ្ហាកាន់តែអាក្រក់ ទៅទៀតនោះ គឺការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនតាំងពីខែកុម្ភៈ ឆ្នាំ2022 និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់មកលើរុស្ស៊ីដែលបានធ្វើឱ្យតម្លៃអាហារនិងថាមពលកើនឡើង និងធ្វើឱ្យអត្រាអតិផរណាកើនឡើងខ្ពស់នៅទូទាំងពិភពលោក។ តម្រូវការសកល សម្រាប់ការនាំចេញ របស់វៀតណាមបានធ្លាក់ចុះ ដែលបណ្តាលឱ្យរោងចក្ររបស់ពួកគេ
ត្រូវកាត់បន្ថយប្រាក់ឈ្នួល ឬបញ្ឈប់បុគ្គលិក។ ជាលទ្ធផល មានរបាយការណ៍អំពីកម្មករដែលអត់ការងារធ្វើបានឈរតម្រង់ជួរពេញមួយយប់ដើម្បីដកប្រាក់ សន្តិសុខសង្គមរបស់ពួកគេ បើទោះបីជាមានការព្រមានពីសំណាក់រដ្ឋាភិបាលអំពីអសន្តិសុខផ្នែកហិរញ្ញវត្ថុរបស់ពួកគេនៅពេលអនាគតក៏ដោយ។ការពិតដែលថា វៀតណាមបានកត់ត្រាអំពីអត្រាកំណើន GDP លឿនបំផុតនៅក្នុងរយៈពេល 25 ឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមហ៊ុនក្នុងស្រុកកំពុងតែប្រឈមមុខ នឹងការលំបាកកាន់តែខ្លាំង« គឺជាការបង្ហាញអំពីបញ្ហាដ៏សំខាន់នៃសេដ្ឋកិច្ចរបស់វៀតណាមដែលបានពឹងផ្អែកខ្លាំងទៅលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ»។

ជាការពិតណាស់ ដើម្បីពន្យល់អំពីលទ្ធផលសេដ្ឋកិច្ច ដ៏រឹងមាំរបស់វៀតណាមកាលពីឆ្នាំ2022 ក្រុមអ្នកជំនាញបានលើក ឡើងអំពីកត្តាជំរុញសំខាន់ៗចំនួន 2 ៖ ការនាំចេញដ៏រឹងមាំដែលជំរុញដោយ ក្រុមហ៊ុនវិនិយោគបរទេសដែលបានក្តោបក្តាប់រហូតដល់ 74% នៃការនាំ ចេញសរុបរបស់វៀតណាម និងការធ្វើឱ្យប្រសើរឡើងនូវការបញ្ចេញសាច់ប្រាក់ពី FDI ។ អ្វីដែលជាកត្តាជម្រុញទី3 គឺការកើនឡើងនៃការលក់រាយ និងការផ្តល់សេវាកម្ម ដោយសារតែអ្នក ប្រើប្រាស់របស់វៀតណាមឥឡូវនេះកំពុងមានទ្រព្យសម្បត្តិកាន់តែច្រើន ហើយពួកគេបានក្លាយទៅជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការឆ្លើយតបអវិជ្ជមានចំពោះការ ស្ទង់មតិរបស់សារព័ត៌មាន VnExpress ពាក់ព័ន្ធនឹងប្រាក់ចំណូល វាក៏បានបង្ហាញអំពីគម្លាតប្រាក់ចំណូលនៅក្នុងប្រទេសនេះផងដែរ។ឆ្នាំ2022 បាន បញ្ចប់ទៅជាមួយនឹងកំណត់ត្រាដ៏ខ្ពស់សម្រាប់វៀតណាម ខណៈដែលប្រទេសនេះបានក្លាយជាប្រទេសមួយក្នុង ចំណោមប្រទេសដែលមានកំណើន សេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក។ ទោះបីជាយ៉ាងណា មានរឿងតិចតួច ណាស់ដែលបានធ្វើឱ្យមន្ត្រីនៅទីក្រុងហាណូយពេញចិត្ត។.ខណៈក្រុមហ៊ុនក្នុងស្រុកកំពុងជួបប្រទះបញ្ហាប្រឈមដ៏ពិបាកគួបផបសុំនឹងភាពមិនច្បាស់លាស់ជាសកលដែលកំពុងបន្ត ពួកគេគួរតែបន្តត្រៀមខ្លួនបន្ថែមទៀតសម្រាប់ឆ្នាំដ៏លំបាកនៅពេលខាងមុខ៕

ប្រែសម្រួលពីគេហទំព័រ FULCRUM ថ្ងៃទី05/01/2023៖

អត្ថបទទាក់ទង