កម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងការអនុវត្តកម្មវិធីការងារសមរម្យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា កម្ពុជាពិតជាមានមោទកភាពដែលបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការអនុវត្តកម្មវិធីការងារសមរម្យ ដែលរហូតមកដល់ពេលនេះបានចំនួន ៥ ដំណាក់កាលរួចមកហើយ និងបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បានឱ្យដឹងថា សម្រាប់កម្មវិធីឆ្នាំ២០១៩-២០២៣គោលដៅអាទិភាពសំខាន់ៗទាំង ៣ យើងពិតជាសម្រេចបានលទ្ធផលគួរជាទីមោទន:៖
១. ការអភិវឌ្ឍមុខរបរ និងការងារ និងសហគ្រាស៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
២. ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គម៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គមប្រកប ដោយចីរភាព តម្លាភាព និងសមធម៌។
៣. ការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ៖ សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសក៍។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងបន្តថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការអន្តរជាតិខាងការងារបានរួមចំណែកខិតខំប្រឹងប្រែង ក្នុងការសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈដល់ការអភិវឌ្ឍន៍រីកចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា និងបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក បងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនពលករខ្មែរនៅក្រៅប្រទេស កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ មុខរបរ និងការងារ និងកិច្ចគាំពារសង្គម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលរំពឹងថានឹងមានកំណើន ៥,៦%។
គួរបញ្ជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏បានចូលរួមគាំទ្រនូវការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងបានគាំទ្រដល់ការចូលរួមអនុវត្តគោលនយោបាយជាតិសំខាន់ៗទៀត រួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (NEP) ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦-២០៣០ផងដែរ ដែលរួមគ្នាផ្តល់នូវក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានៅទសវត្ស៍បន្ទាប់។ អ្វីដែលសំខាន់នោះ គឺការផ្សារភ្ជាប់កម្មវិធីការងារសមរម្យជាមួយនឹងរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ ដើម្បីជួយប្រទេសកម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលពាក់ព័ន្ធ៕