ជំនន់ទឹកភ្លៀងវាយប្រហារខេត្តបន្ទាយមានជ័យ៖ ក្រុមការងារជាន់ខ្ពស់ចុះវាយតម្លៃផលប៉ះពាល់ស្រូវជិត ១.១០០ ហិកតា

បន្ទាយមានជ័យ៖ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ គណៈប្រតិភូចម្រុះដឹកនាំដោយលោក ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យផ្ទាល់ពីស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវនៅស្រុកចំនួនពីរក្នុងខេត្តបន្ទាយមានជ័យ។
ដំណើរទស្សនកិច្ចនេះមានការចូលរួមពីលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ។ ទីតាំងសំខាន់ៗដែលត្រូវបានពិនិត្យរួមមាន៖ ឃុំអូរប្រាសាទ និងឃុំភ្នំតូច នៃស្រុកមង្គលបូរី សង្កាត់ភ្នៀត និងសង្កាត់ម្កាក់ នៃក្រុងសិរីសោភ័ណ និងឃុំប្រាសាទ នៃស្រុកព្រះនេត្រព្រះ។
ទំហំនៃផលប៉ះពាល់ និងតំបន់រងគ្រោះ
លោក ស្រ៊ុន សុខុម បានគូសបញ្ជាក់ថា បរិមាណទឹកភ្លៀងនៅដើមរដូវឆ្នាំនេះមានច្រើនលើសពីឆ្នាំមុនៗ ដែលបានបង្កផលប៉ះពាល់គួរឲ្យកត់សម្គាល់ដល់ដំណាំដែលទើបដាំដុះថ្មីៗ៖
• ឃុំភ្នំតូច (ស្រុកមង្គលបូរី)៖ ផ្ទៃដី ១១៧ ហិកតារងផលប៉ះពាល់ដំណាំស្រូវ ជាពិសេសនៅចំណុចវាលសារ៉ាយ និងវាលបិតប្រណាក។
• ឃុំអូរប្រាសាទ (ស្រុកមង្គលបូរី)៖ ផ្ទៃដី ១៦៧ ហិកតារងផលប៉ះពាល់នៅចំណុចវាលថ្ងាន់ទ្រេត។
• ក្រុងសិរីសោភ័ណ៖
o សង្កាត់ភ្នៀត៖ ដំណាំស្រូវប្រមាណ ៦៩ ហិកតារងផលប៉ះពាល់ និង ៣៥ ហិកតាខូចខាតទាំងស្រុង។
o សង្កាត់ម្កាក់៖ ទឹកភ្លៀងទើបចាប់ផ្តើមជន់លិច និងប៉ះពាល់ដីស្រែប្រមាណ ១៧ ហិកតា។
• ឃុំប្រាសាទ (ស្រុកព្រះនេត្រព្រះ)៖ ដំណាំស្រូវប្រមាណ ៧០៧ ហិកតារងផលប៉ះពាល់ដោយសារទឹកភ្លៀង។
សរុបមក ផ្ទៃដីដំណាំស្រូវសរុបជិត ១.១០០ ហិកតាបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ។
វិធានការឆ្លើយតប និងសក្តានុពលនៃការស្តារឡើងវិញ
លោក ទីប្រឹក្សាក្រសួងកសិកម្មបានបន្ថែមថា នៅឃុំអូរប្រាសាទ និងឃុំភ្នំតូច ដំណាំស្រូវភាគច្រើនកំពុងលូតលាស់ល្អ លើកលែងតែស្រែដែលទើបព្រោះថ្មីៗដែលអាចប្រឈមនឹងការខូចខាតប្រសិនបើគ្មានការបូមទឹកចេញទាន់ពេលវេលា។
ចំពោះស្រែទំនាបដែលទឹកដក់ជ្រៅ កសិករចាំបាច់ត្រូវរង់ចាំឲ្យទឹកស្រកអស់ទើបអាចបន្តការដាំដុះបានក្នុងខែកក្កដានេះ។ ប្រសិនបើមានភ្លៀងបន្តធ្លាក់ខ្លាំង ហើយទឹកមិនស្រក កសិករអាចនឹងរក្សាដីទុកទំនេរដើម្បីរង់ចាំធ្វើស្រូវប្រដេញទឹកវិញ។
នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដំណាំស្រូវមួយចំនួនមានការខូចខាតដោយសារទឹកលិចយូរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានចាត់វិធានការកាយផ្តាច់ទំនប់ទឹកមួយកន្លែងដើម្បីការពារមិនឲ្យទឹកហៀរចូលផ្នែកខាងលិចផ្លូវដែលមានដំណាំស្រូវច្រើន។
ដោយឡែកនៅសង្កាត់ម្កាក់ ទឹកភ្លៀងទើបចូលថ្មីៗ ប៉ុន្តែមិនទាន់លិចលង់ធ្ងន់ធ្ងរទេ ហើយកសិករនៅមានឱកាសសង្គ្រោះបានប្រសិនបើមានការបូមទឹកចេញពីស្រែទាន់ពេលវេលា។ ចំណែកនៅឃុំប្រាសាទ ទឹកហូរពីស្ទឹងចូលតាមព្រែកបណ្ដាលឲ្យខូចស្រូវមួយចំនួន។
ទោះជាយ៉ាងណា អាជ្ញាធរស្រុក និងខេត្តបានអន្តរាគមន៍កាត់ផ្តាច់ទំនប់ទឹករបស់កសិករខ្នាតធំដើម្បីរំដោះទឹកទៅបឹងទន្លេសាប និងបានដាក់របាំងទប់ទឹកមិនឲ្យហូរចូលបន្ថែមពីស្ទឹង។ ប្រសិនបើវិធានការទាំងនេះត្រូវបានអនុវត្តទាន់ពេលវេលា ផ្ទៃដីដែលរងផលប៉ះពាល់ភាគច្រើនអាចនឹងត្រូវបានសង្គ្រោះឡើងវិញ៕