Close

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនជាថ្មីម្ដងទៀត

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន ព័ត៌មានអន្តរជាតិ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនជាថ្មីម្ដងទៀត អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនជាថ្មីម្ដងទៀត

ក្រុងសេអ៊ូល៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនជាថ្មីម្ដងទៀតលើអតីតប្រធានាធិបតី យូន សុកយ៉ុល (Yoon Suk Yeol)។ ការចាប់ខ្លួននេះគឺទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែធ្នូឆ្នាំមុន។

តុលាការកណ្តាលក្រុងសេអ៊ូលបានចេញដីកាតាមសំណើរបស់ការិយាល័យរដ្ឋអាជ្ញាពិសេស ដោយលើកហេតុផលថា លោក យូន អាចនឹងព្យាយាមបំផ្លាញភស្តុតាង។ នេះគឺជាការចាប់ខ្លួនលើកទីពីរសម្រាប់លោក យូន បន្ទាប់ពីលោកធ្លាប់ត្រូវបានឃុំខ្លួន ៥២ ថ្ងៃកាលពីខែមករា ហើយត្រូវបានដោះលែងវិញកាលពីខែមីនា ដោយសារហេតុផលនីតិវិធី។

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនជាថ្មីម្ដងទៀត

ក្រោយការចេញដីកា លោកត្រូវបានបញ្ជូនទៅកាន់មណ្ឌលឃុំឃាំងក្រុងសេអ៊ូល ដែលស្ថិតនៅភាគខាងត្បូងរដ្ឋធានី។
ការចាប់ខ្លួនជាថ្មីនេះកើតឡើងប៉ុន្មានខែបន្ទាប់ពីលោក យូន ត្រូវបានដកចេញពីតំណែងជាផ្លូវការកាលពីខែមេសា។

ការដកចេញពីតំណែងនេះគឺបន្ទាប់ពីតុលាការធម្មនុញ្ញបានតម្កល់សេចក្តីសម្រេចរបស់សភាក្នុងការចោទប្រកាន់លោក។ ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន កាលពីខែធ្នូឆ្នាំមុនបានបង្កឱ្យមានវិបត្តិនយោបាយដ៏ធំមួយនៅកូរ៉េខាងត្បូង។

ក្រុមរដ្ឋអាជ្ញាពិសេសកំពុងស៊ើបអង្កេតលើបទចោទប្រកាន់បន្ថែមប្រឆាំងនឹងលោក យូន រួមមានការរំលោភអំណាច ការរារាំងការបំពេញភារកិច្ចផ្លូវការ និងការក្លែងបន្លំឯកសារផ្លូវការ។ លោក យូន ក៏កំពុងប្រឈមនឹងការកាត់ទោសពីបទដឹកនាំការបះបោរផងដែរ ដែលជាបទល្មើសអាចត្រូវផ្តន្ទាទោសដល់ជាប់គុកអស់មួយជីវិត ឬប្រហារជីវិត។

មេធាវីរបស់លោក យូន បានច្រានចោលយ៉ាងដាច់អហង្ការនូវរាល់ការចោទប្រកាន់ទាំងអស់ ដោយចាត់ទុកសំណើសុំដីកាចាប់ខ្លួននេះថាហួសហេតុ និងគ្មានមូលដ្ឋាន។

កាលពីថ្ងៃពុធ លោក យូន បានបង្ហាញខ្លួននៅតុលាការដើម្បីចូលរួមសវនាការពិនិត្យដីកាចាប់ខ្លួនរយៈពេលប្រមាណ ៧ ម៉ោង ប៉ុន្តែមិនបានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានឡើយ៕