Close

តម្លៃប្រេងឡើងចុះ ខណៈលោក ត្រាំ ពន្យារពេលបទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន ព័ត៌មានអន្តរជាតិ
តម្លៃប្រេងឡើងចុះ ខណៈលោក ត្រាំ ពន្យារពេលបទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់ តម្លៃប្រេងឡើងចុះ ខណៈលោក ត្រាំ ពន្យារពេលបទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ តម្លៃប្រេងពិភពលោកបានធ្លាក់ចុះ ហើយកើនឡើងវិញកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពន្យារពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់ រហូតដល់ការចរចាសន្តិភាពរវាងប្រទេសទាំងពីរមានការរីកចម្រើន។ នេះ បើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធ។

លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តបិទផ្លូវនាវាចូលចេញកំពង់ផែរបស់អ៊ីរ៉ង់ រហូតដល់ទីក្រុងតេហេរ៉ង់បង្ហាញសំណើ “ឯកភាព” មួយ។ បន្ទាប់ពីបើកទីផ្សារក្នុងតំបន់អាស៊ី តម្លៃប្រេងគោលសកលបានធ្លាក់ចុះមកនៅត្រឹម ៩៧.៦០ ដុល្លារអាមេរិក (៧២.១៤ ផោន) ក្នុងមួយបារ៉ែល។

ប៉ុន្តែ តម្លៃបានកើនឡើងវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការវាយប្រហារលើនាវានៅច្រកសមុទ្រ ហ័រមុស (Hormuz) ដោយតម្លៃបានឡើងដល់ប្រហែល ១០០ ដុល្លារ ក្នុងមួយបារ៉ែល មុននឹងធ្លាក់ចុះវិញបន្តិច។

ទីផ្សារថាមពលមានភាពប្រែប្រួល ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ហើយទីក្រុងតេហេរ៉ង់បានឆ្លើយតបដោយគំរាមវាយប្រហារនាវានៅក្នុងច្រកសមុទ្រសំខាន់ ហ័រមុស។

តម្លៃប្រេងឡើងចុះ ខណៈលោក ត្រាំ ពន្យារពេលបទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់

បទឈប់បាញ់រយៈពេលពីរសប្តាហ៍ដំបូង គ្រោងនឹងផុតកំណត់នៅល្ងាចថ្ងៃពុធ តាមម៉ោងទីក្រុងវ៉ាស៊ីនតោន។ លោក ត្រាំ មិនបានកំណត់ពេលវេលាថ្មីសម្រាប់ការពន្យារនោះទេ។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា រដ្ឋាភិបាលអ៊ីរ៉ង់ «កំពុងបែកបាក់យ៉ាងខ្លាំង» ហើយសហរដ្ឋអាមេរិកនឹងផ្អាកការវាយប្រហារថ្មី បន្ទាប់ពីប្រទេសប៉ាគីស្ថានបានអំពាវនាវឱ្យផ្តល់ពេលបន្ថែមសម្រាប់ទីក្រុងតេហេរ៉ង់ ដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងមួយ។

អនុប្រធានាធិបតី JD Vance ដែលដឹកនាំការចរចារបស់សហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន សម្រាប់កិច្ចពិភាក្សានៅថ្ងៃអង្គារ ប៉ុន្តែសេតវិមានបានបញ្ជាក់ថា លោកនឹងមិនធ្វើដំណើរទៅទេ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានប្រាប់ BBC ថា អ៊ីរ៉ង់ក៏មិនទាន់សម្រេចថាតើត្រូវបញ្ជូនគណៈប្រតិភូទៅប៉ាគីស្ថាន ដើម្បីពិភាក្សាជាមួយសហរដ្ឋអាមេរិកឬយ៉ាងណាទេ។

លោក Jiajia Yang សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ James Cook នៃប្រទេសអូស្ត្រាលី បាននិយាយថា ពាណិជ្ជករនៅតែប្រុងប្រយ័ត្នចំពោះអ្វីដែលអាចកើតឡើងបន្តក្នុងសង្គ្រាមនេះ។

លោកបាននិយាយថា «នេះមិនមែនស្តីពីបរិមាណប្រេងប៉ុណ្ណោះទេ ប៉ុន្តែស្តីពីការរំពឹងទុកជាចម្បង»។

ថ្លៃប្រេងឆៅបានកើនឡើងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយសារច្រកសមុទ្រ ហ័រមុស ដែលជាផ្លូវដឹកជញ្ជូនថាមពលប្រហែលមួយភាគប្រាំនៃពិភពលោក ត្រូវបានអ៊ីរ៉ង់រារាំងយ៉ាងមានប្រសិទ្ធភាព។

កាលពីដើមខែនេះ សហរដ្ឋអាមេរិកក៏បាននិយាយថា ខ្លួននឹងស្ទាក់ចាប់នាវាដែលធ្វើដំណើរទៅកាន់ ឬចេញពីកំពង់ផែរបស់អ៊ីរ៉ង់ផងដែរ៕

https://www.bbc.com/news/articles/c995dkl4dvvo

អត្ថបទទាក់ទង