លោក ដូណាល់ ត្រាំ ប្រកាសពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងពង្រីកបទឈប់បាញ់របស់ខ្លួនជាមួយ Iran ប៉ុន្មានម៉ោងមុនពេលកំណត់ផុតសុពលភាពនៃកិច្ចព្រមព្រៀងរយៈពេលពីរសប្តាហ៍ដែលបានព្រមព្រៀងពីមុន។
លោកបានបញ្ជាក់តាមការបង្ហោះនៅលើ Truth Social ថា ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីសំណើពី Pakistan ដែលកំពុងសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរ។
លោកបានបន្ថែមថា មេបញ្ជាការកងទ័ពប៉ាគីស្ថាន Asim Munir និងនាយករដ្ឋមន្ត្រី Shehbaz Sharif បានស្នើឱ្យសហរដ្ឋអាមេរិក ផ្អាកការវាយប្រហារលើអ៊ីរ៉ង់ជាបណ្ដោះអាសន្ន រហូតដល់ពេលដែលមេដឹកនាំ និងតំណាងរបស់អ៊ីរ៉ង់អាចដាក់សំណើរួមមួយបាន។
លោក Trump ក៏អះអាងថា ការសម្រេចចិត្តរបស់លោកផ្អែកផងដែរលើការពិតដែលថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានភាពបែកបាក់យ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តការបិទផ្លូវនាវាចរណ៍នៅ Strait of Hormuz ហើយយោធាអាមេរិកនឹងនៅតែ “ត្រៀមខ្លួន និងមានសមត្ថភាព” រហូតដល់ពេលដែលសំណើរបស់អ៊ីរ៉ង់ត្រូវបានដាក់ជូន និងការចរចាត្រូវបានបញ្ចប់។

បន្ទាប់ពីការប្រកាសនេះ នាយករដ្ឋមន្ត្រី Shehbaz Sharif បានថ្លែងអំណរគុណដល់លោក Trump សម្រាប់ការទទួលយកសំណើរបស់ប៉ាគីស្ថាន ដើម្បីពង្រីកបទឈប់បាញ់ និងអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្តដំណើរការ។ លោកបានបន្ថែមថា ប៉ាគីស្ថាននឹងបន្តខិតខំប្រឹងប្រែងសម្រាប់ដំណោះស្រាយតាមរយៈការចរចា។
ទោះជាយ៉ាងណា មុនពេលនោះក្នុងបទសម្ភាសន៍មួយ លោក Trump បាននិយាយថា លោកមិនចង់ពង្រីកបទឈប់បាញ់ឡើយ ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិកស្ថិតក្នុងជំហរចរចាដ៏រឹងមាំ និងអាចទទួលបានកិច្ចព្រមព្រៀងល្អ។ លោកក៏បានព្រមានថា អាមេរិកអាចបន្តការវាយប្រហារលើអ៊ីរ៉ង់វិញ ប្រសិនបើការចរចាមិនមានវឌ្ឍនភាព។
ខាងភាគីអ៊ីរ៉ង់បានបញ្ជាក់ថា ពួកគេ “មិនចរចាក្រោមសម្ពាធ ឬការគំរាមកំហែង” ទេ។ អ្នកនាំពាក្យក្រសួងការបរទេស Esmail Baghaei បាននិយាយថា មិនទាន់មានសេចក្តីសម្រេចចុងក្រោយអំពីការចូលរួមចរចា ដោយសារតែមាន “សារផ្ទុយគ្នា” ពីភាគីអាមេរិក។
ភាពជាប់គាំងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កើតឡើងក្នុងបរិបទភាពតានតឹងកាន់តែខ្លាំងនៅតំបន់ Strait of Hormuz។ កងទ័ពជើងទឹកអាមេរិកបានរឹបអូសនាវាអ៊ីរ៉ង់មួយនៅឈូងសមុទ្រអូម៉ង់ ខណៈដែលអ៊ីរ៉ង់ចោទថា សកម្មភាពទាំងនេះជាការរំលោភលើបទឈប់បាញ់ និងច្បាប់អន្តរជាតិ។
នៅខាងវិញ សហរដ្ឋអាមេរិកបានចោទអ៊ីរ៉ង់ថាបានរំលោភបទឈប់បាញ់ជាច្រើនលើក ដោយបាញ់អាវុធនៅតំបន់ច្រកសមុទ្រ។ ប្រធានសភាអ៊ីរ៉ង់ Mohammad-Bagher Ghalibaf ក៏បានព្រមានថា ប្រទេសរបស់លោកត្រៀមបង្ហាញ “យុទ្ធសាស្ត្រថ្មី” ប្រសិនបើជម្លោះបន្ត។
កិច្ចចរចាសន្តិភាពនៅតែមិនច្បាស់លាស់
កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែមិនមានភាពច្បាស់លាស់។ គណៈប្រតិភូអាមេរិកដែលរំពឹងដឹកនាំដោយអនុប្រធានាធិបតី JD Vance មិនទាន់ធ្វើដំណើរទៅប៉ាគីស្ថាននៅឡើយ។
វគ្គចរចាមុនរយៈពេល ២១ម៉ោង កាលពីថ្ងៃទី១១ ខែមេសា បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។ ទោះបីជាយ៉ាងណា ប៉ាគីស្ថានបានបង្កើនសន្តិសុខនៅទីក្រុងអ៊ីស្លាម៉ាបាដ និងជំរុញឱ្យភាគីទាំងពីរបន្តបទឈប់បាញ់ ដើម្បីផ្តល់ឱកាសដល់ការទូត។
សម្ពាធអន្តរជាតិ និងវិបត្តិថាមពល
ការបើកឡើងវិញពេញលេញនៃ Strait of Hormuz ដែលជាច្រកសំខាន់សម្រាប់ដឹកប្រេងពិភពលោក នៅតែជាអាទិភាពសម្រាប់មេដឹកនាំពិភពលោក។
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងប្រធានាធិបតីបារាំង Emmanuel Macron បានដឹកនាំកិច្ចប្រជុំកំពូលនៅប៉ារីស ដើម្បីគាំទ្រសេរីភាពនាវាចរណ៍។ ខណៈប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ Fatih Birol បានព្រមានថា ជម្លោះនេះអាចបង្កើតវិបត្តិថាមពលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ ខណៈសហភាពអឺរ៉ុបបានពង្រីកការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយប្រធានផ្នែកការទូត Kaja Kallas បានបញ្ជាក់ថា “សេរីភាពនាវាចរណ៍ មិនអាចចរចាបានឡើយ”៕
