Close

ក្រសួងយុត្តិធម៌អាមេរិកសង សំណង ១,២៥ លានដុល្លារ ដល់អតីតជំនួយការរបស់លោក Trump

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ក្រសួងយុត្តិធម៌អាមេរិកសង សំណង ១,២៥ លានដុល្លារ ដល់អតីតជំនួយការរបស់លោក Trump ក្រសួងយុត្តិធម៌អាមេរិកសង សំណង ១,២៥ លានដុល្លារ ដល់អតីតជំនួយការរបស់លោក Trump

វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងសងសំណងចំនួន ១,២៥ លានដុល្លារ ដល់អតីតជំនួយការរបស់លោកប្រធានាធិបតី Donald Trump ក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ ដែលធ្លាប់ជាគោលដៅនៃការឃ្លាំមើលសម្ងាត់ ក្នុងអំឡុងពេលស៊ើបអង្កេតរបស់ FBI ពាក់ព័ន្ធនឹងរុស្ស៊ី។

លោក Carter Page បានអះអាងក្នុងពាក្យបណ្តឹងមួយ កាលពីឆ្នាំ ២០២០ ថា លោកគឺជាជនរងគ្រោះនៃការឃ្លាំមើលខុសច្បាប់ ដោយ FBI ដែលកំពុងស៊ើបអង្កេតថា តើយុទ្ធនាការរបស់លោក Trump ក្នុងឆ្នាំ ២០១៦ មានការឃុបឃិតជាមួយរុស្ស៊ី ដើម្បីប៉ះពាល់ដល់លទ្ធផលបោះឆ្នោតដែរឬទេ។

ពាក្យបណ្តឹងនេះ បានចោទប្រកាន់អំពីការខ្វះខាតព័ត៌មាន និងកំហុសជាបន្តបន្ទាប់ ដែលត្រូវបានធ្វើឡើងដោយមន្ត្រី FBI និងមន្ត្រីក្រសួងយុត្តិធម៌ ក្នុងពាក្យសុំដែលបានដាក់នៅឆ្នាំ ២០១៦ និង ២០១៧ ទៅកាន់តុលាការ Foreign Intelligence Surveillance Court ដើម្បីសុំអនុញ្ញាតឃ្លាំមើលការទំនាក់ទំនងរបស់លោក Page ដោយសង្ស័យថា លោកជាភ្នាក់ងាររបស់រុស្ស៊ី។

លោក Page បានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការអះអាងអំពីទំនាក់ទំនងមិនសមស្របជាមួយរុស្ស៊ី ហើយមិនដែលត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយឡើយ។

លោក Page បានដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូល បន្ទាប់ពីតុលាការថ្នាក់ក្រោមបានទម្លាក់ចោលបណ្តឹងរបស់លោក ដោយចៅក្រមសាលាឧទ្ធរណ៍បាននិយាយកាលពីឆ្នាំមុនថា លោកបានពន្យាពេលយូរពេកក្នុងការដាក់ពាក្យបណ្តឹង។

ក្រសួងយុត្តិធម៌អាមេរិកសងសំណង ១,២៥ លានដុល្លារ ដល់អតីតជំនួយការរបស់លោក Trump

ទោះយ៉ាងណា ខណៈដែលសំណុំរឿងកំពុងស្ថិតក្នុងដំណើរការឧទ្ធរណ៍ រដ្ឋបាលលោក Trump បានជូនដំណឹងដល់តុលាការកំពូល កាលពីថ្ងៃពុធថា បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក Page លើការទាមទាររបស់លោក ប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធ។ កិច្ចព្រមព្រៀងនេះ មិនគ្របដណ្តប់លើការទាមទារដែលលោក Page បានដាក់ប្រឆាំងនឹងអតីតមន្ត្រី FBI ផ្សេងទៀតទេ។

ឯកសារដាក់ជូនតុលាការកំពូល មិនបានបញ្ជាក់ចំនួនប្រាក់សំណងជាក់លាក់ទេ ប៉ុន្តែប្រភពមួយដែលស្គាល់អំពីករណីនេះ (បានស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារព័ត៌មានមិនទាន់ជាសាធារណៈ) បានបញ្ជាក់ថា តម្លៃកិច្ចព្រមព្រៀងគឺ ១,២៥ លានដុល្លារ។

បណ្តឹងរបស់លោក Page បានកើតឡើង បន្ទាប់ពីរបាយការណ៍របស់អគ្គអធិការកិច្ច នៃក្រសួងយុត្តិធម៌ ដែលបានរិះគន់យ៉ាងខ្លាំង និងរកឃើញបញ្ហាសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងពាក្យសុំឃ្លាំមើលទាំងបួន។ អតីតថ្នាក់ដឹកនាំ FBI និងក្រសួងយុត្តិធម៌ ដែលបានចូលរួមអនុម័តការឃ្លាំមើល បាននិយាយថា ពួកគេនឹងមិនអនុញ្ញាតនោះទេ ប្រសិនបើពួកគេដឹងអំពីទំហំនៃបញ្ហាទាំងនេះជាមុន។ ខណៈដែល FBI បានឲ្យដឹងថា ខ្លួនបានអនុវត្តវិធានកែលម្អជាង ៤០ ចំណុច ដើម្បីបង្កើនភាពត្រឹមត្រូវ និងភាពម៉ត់ចត់នៃពាក្យសុំ។

ទោះបីជាមានបញ្ហានៅក្នុងដំណើរការដាក់ពាក្យសុំដីកាក៏ដោយ ការត្រួតពិនិត្យទៅលើលោក Page គ្រាន់តែជាផ្នែកតូចមួយនៃការស៊ើបអង្កេតទូលំទូលាយ លើទំនាក់ទំនងរវាងយុទ្ធនាការរបស់លោក Trump និងរុស្ស៊ី។

ការស៊ើបអង្កេតដោយទីប្រឹក្សាពិសេស លោក Robert Mueller បានសន្និដ្ឋានថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោត ដើម្បីគាំទ្រលោក Trump ក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០១៦ ហើយយុទ្ធនាការនោះបានស្វាគមន៍ជំនួយនេះ។ ទោះយ៉ាងណា ក្រុមស៊ើបអង្កេត មិនបានរកឃើញភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីការឃុបឃិតជាបទល្មើស រវាងយុទ្ធនាការ និងរុស្ស៊ីឡើយ។

ក្រសួងយុត្តិធម៌ កាលពីខែមីនា ក៏បានឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកមួយផងដែរ ដោយផ្តល់សំណងប្រហែល ១,២ លានដុល្លារ ជាមួយលោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump ដែលបានសារភាពថា បានផ្តល់ព័ត៌មានមិនពិតដល់ FBI អំពីការទំនាក់ទំនងរបស់ខ្លួនជាមួយអ្នកការទូតជាន់ខ្ពស់រុស្ស៊ី មុននឹងត្រូវបានលើកលែងទោសនៅពេលក្រោយ៕

https://www.arabnews.com/node/2640923/world