Close

កម្ពុជា-អូស្រ្តាលី​ ប្តេជ្ញាពង្រឹងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-អូស្រ្តាលី​ ប្តេជ្ញាពង្រឹងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី​ ប្តេជ្ញាពង្រឹងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ កម្ពុជា និងអូស្រ្តាលីប្តេជ្ញាពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងការទូត និងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សនៅកម្ពុជា ស្របពេលកម្ពុជាបានទទួលសុខសន្តិភាព និងមានលទ្ធភាពក្នុងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មី នៃប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថាបេសកកម្មការទូតនៅក្នុងអាណត្តិរបស់ឯកឧត្តម Justin Whyatt គឺជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៣ មក ការងារការទូតរបស់អូស្រ្តាលី ដែលបានបោះទីតាំងឡើងវិញនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យកម្ពុជាមានការវិវត្តន៍ ហើយក្នុងបេសកកម្មអ៊ុនតាក់ គឺអូស្រ្តាលីនៅឈរជួរមុខក្នុងការរៀបរយអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩៣ ដែលចាប់តាំងពីនោះមកកម្ពុជាបានទទួលសុខសន្តិភាព និងមានលទ្ធភាពក្នុងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមចាត់ទុកថា នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏គួរអោយមានមោទនភាព។ ឯកឧត្តមបានបន្តថា បញ្ហាសុវត្ថិភាព ដើម្បីឱ្យមានសន្តិភាព គឺជាបញ្ហាចម្បង សម្រាប់ប្រទេសកម្ពុជស ដែលធ្លាប់ខ្ទេចខ្ទាំដោយសារសង្រ្គាមស៊ីវិលអស់រយះពេលជាច្រើនឆ្នាំ ដោយនៅពេលនោះយើងទទួលបានការគាំទ្រពីអូស្រ្តាលី ហើយបញ្ហាបន្តទៀតគឺការគាំទ្រអោយមានសន្តិសុខស្បៀង និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ហើយយើងក៏ចាប់ផ្តើមជាបណ្តើរៗក្នុងការអភិវឌ្ឍធនធានមនុស្សរហូតមកដល់បច្ចុប្បន្ននេះ ដែលមាននិស្សិតកម្ពុជាតែងតែទទួលបានអាហារូបករណ៍ជាច្រើនពីប្រទេសអូស្រ្តាលីជារៀងរាល់ឆ្នាំ។ ចំពោះបញ្ហាសុខាភិបាលក៏ខាងអូស្រ្តាលីបានជួយគាំទ្ររៀបចំយន្តការក្នុងការជួយទ្រទ្រង់សុខភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានកត់សំគាល់ថា ចំពោះភ្ញៀវទេសចរណ៍បរទេសដែលបានមកកម្សាន្តនៅប្រទេសកម្ពុជា ក្នុងនោះក៏មានភ្ញៀវទេសចរអូស្រ្តាលីជាច្រើន និងមានអ្នកវិនិយោគអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាច្រើនផងដែរ។ ម្យ៉ាងទៀតអូស្រ្តាលីក៏បានជួយគាំទ្រដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីត19កន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសង្ឃឹមជឿជាក់ថា ឯកឧត្តម Justin Whyatt ដែលជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជា នឹងបន្តគាំទ្រគម្រោងនានា ដែលឯកអគ្គរាជទូតអូស្រ្តាលីចាស់បានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជានោះបានឯកភាពជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាបន្តទៀត ដើម្បីជាការបង្កើនទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងអូស្រ្តាលីក្នុងចំណងការទូតរយៈពេល ៧១ ឆ្នាំមកនេះ។

ជាការឆ្លើយតប ឯកឧត្តម Justin Whyatt បានមានប្រសាសន៍ថា ចំណងទាក់ទងការទូតរវាងកម្ពុជា និងអូស្រ្តាលីគឺមានរយៈពេលជាយូរណាស់មកហើយ ហើយឯកឧត្តមនឹងបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងមិត្តភាព ដែលធ្លាប់មានពីមុនមក និងរីករាយក្នុងការធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងកិច្ចសហប្រតិបត្តិការដែលធ្លាប់អនុវត្តកន្លងមកក៏ ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀតទាំងនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅក្នុងរបត់ផ្សេងៗនៅក្នុងពិភពលោកផងដែរ៕

អត្ថបទទាក់ទង