Close

កសិករស្រុកប្រាសាទបាគងសម្រុកប្រមូលផលឆៃថាវ ខណៈឈ្មួញចុះទិញដល់ចម្ការ ទោះតម្លៃមានការប្រែប្រួល

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
កសិករស្រុកប្រាសាទបាគងសម្រុកប្រមូលផលឆៃថាវ ខណៈឈ្មួញចុះទិញដល់ចម្ការ ទោះតម្លៃមានការប្រែប្រួល កសិករស្រុកប្រាសាទបាគងសម្រុកប្រមូលផលឆៃថាវ ខណៈឈ្មួញចុះទិញដល់ចម្ការ ទោះតម្លៃមានការប្រែប្រួល

សៀមរាប៖ ស្របពេលដែលរដូវប្រមូលផលបានឈានចូលមកដល់ កសិករដាំដំណាំឆៃថាវនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការដកមើមឆៃថាវលក់ឱ្យឈ្មួញដែលរង់ចាំទិញដល់ទីកន្លែង ទោះបីជាតម្លៃទីផ្សារមានការធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តែដំណាំប្រភេទនេះនៅតែជាជម្រើសអាទិភាពសម្រាប់កសិករក្រោយបញ្ចប់រដូវធ្វើស្រែ។

កសិករពួកគាត់បានឱ្យដឹងថា ឆៃថាវជាបន្លែដែលងាយស្រួលដាំដុះ និងថែទាំបំផុត ដោយប្រើរយៈពេលត្រឹមតែ ៦សប្ដាហ៍ប៉ុណ្ណោះ ក៏អាចប្រមូលផលបាន។ មូលហេតុដែលពួកគាត់ជ្រើសរើសដាំឆៃថាវ គឺដោយសារទីផ្សារទូលាយ អាចយកទៅធ្វើម្ហូបស្រស់ៗ ធ្វើជ្រក់ ឬកែច្នៃជាឆៃប៉ូវ។ បច្ចុប្បន្នមានឈ្មួញចុះមកប្រមូលទិញដល់ចម្ការផ្ទាល់ មិនពិបាកដឹកជញ្ជូនទៅឆ្ងាយ។ ចំពោះតម្លៃកាលពីមុន ឆៃថាវអាចលក់បានតម្លៃ ៨០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែបច្ចុប្បន្នចុះមកត្រឹម ៥០០រៀល ដោយសារមានកសិករដាំច្រើនក្នុងពេលតែមួយ។ ទោះជាយ៉ាងនេះក្ដី ពួកយើងនៅតែបន្តដាំ ព្រោះវាឆាប់បានផល និងងាយស្រួលលក់។

កសិករពួកគាត់បន្តថា ដើម្បីទទួលបានមើមឆៃថាវមានគុណភាពល្អ កសិករគួរភ្ជួររាស់ដីឱ្យម៉ដ្ឋល្អ រួចលើករង រោយជី និងដាក់គ្រាប់តាមរងនីមួយៗឱ្យមានចន្លោះសមស្រប។ ជាពិសេសត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ក្នុងរយៈពេល ៧ថ្ងៃដំបូង រួចបន្តដាក់ជី និងបាញ់ថ្នាំសម្លាប់សត្វល្អិតឱ្យបាន ៤ដង រហូតដល់ពេលប្រមូលផល។

ពួកគាត់ថា ទោះបីជាការដាំដុះដំណើរការទៅដោយរលូន ប៉ុន្តែពួកគាត់នៅតែមានក្ដីបារម្ភលើបញ្ហាតម្លៃ។ ក្នុងន័យនេះ ពួកគាត់បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ជួយជំរុញការស្វែងរកទីផ្សារឱ្យកាន់តែទូលាយជាងមុន និងជួយទប់លំនឹងតម្លៃឱ្យបានសមរម្យ ដើម្បីជួយបង្កើនចំណូលគ្រួសារ និងលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរឡើង៕មន្ទីរព័ត៌មានខេត្តសៀមរាប

កសិករស្រុកប្រាសាទបាគងសម្រុកប្រមូលផលឆៃថាវ ខណៈឈ្មួញចុះទិញដល់ចម្ការ ទោះតម្លៃមានការប្រែប្រួល