អតីតគ្រូបង្វឹកម៉ាឡេស៊ី ជឿជាក់ថា ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំរបស់ខ្លួន នឹងឈ្នះមេដាយមាស ស៊ីហ្គេម ២០២៣
គូឡាឡាំពួរ ៖ អតីតគ្រូបង្វឹកយុវជនជម្រើសជាតិ លោក Hassan Sazali Waras ជឿជាក់ថាក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម ២២ឆ្នាំ នឹងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា បន្ទាប់ពីខកខានឈ្នះមេដាយមាសរយៈពេល ១២ឆ្នាំ។
លោក Hassan Sazali Waras បានគូសបញ្ជាក់ថា ៖« កីឡាករយើងបច្ចុប្បន្ន មានគុណភាព ប៉ុន្តែពួកគេនៅតែត្រូវជួសជុលចំណុចខ្សោយមួយចំនួន។ ខ្ញុំជឿថា ក្រុមរបស់លោក E. Elavarasan នឹងមានទម្រង់លេងដ៏ល្អ បន្ទាប់ពីការប្រកួតពីរបីដងមុនការប្រកួតស៊ីហ្គេម។ ពិតណាស់ ក្រុមនេះ នឹងសម្រេចបានគោលដៅរបស់សមាគមបាល់ទាត់ម៉ាឡេស៊ី(FAM) ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ ហើយប្រសិនបើអ្វីៗដំណើរការល្អ ពួកគេនឹងឈ្នះពាន»។
កាលពីថ្ងៃសុក្រ ក្រុមរបស់លោក Elavarasan បានយកឈ្នះក្រុម គោជំទង់កម្ពុជា ៤-២ ក្នុងការប្រកួត Merlion Cup ២០២៣ នៅប្រទេសសិង្ហបុរី ហើយពួកគេបានបន្តយកឈ្នះ ហុងកុង ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ លើកពាន Merlion Cup តែម្ដង។
ជុំវិញជ័យជំនះនេះ លោក Hassan បាននិយាយថា៖ « លទ្ធផលវិជ្ជមានទល់នឹង កម្ពុជា នឹងជួយឲ្យកីឡាករមានទំនុកចិត្ត សម្រាប់ការប្រកួតធំៗ។ ម៉ាឡេស៊ី មានកីឡាករវ័យក្មេង ដែលមានគុណភាពជាច្រើន ដូច្នេះ លោក Elavarasan នឹងទទួលបានលទ្ធផលល្អបំផុតពីពួកគេ»។
គួរបញ្ជាក់ថា ក្រុមខ្លាជំទង់ម៉ាឡេស៊ី បានឈ្នះមេដាយមាសពីកីឡាបាល់ទាត់ស៊ីហ្គេម សរុបចំនួន ៦ដង ខណៈការឈ្នះចុងក្រោយបំផុត គឺនៅទីក្រុងហ្សាកាតា ឆ្នាំ ២០១១ ដោយកាលណោះស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Ong Kim Swee៕