ប្រជាកសិករខេត្តព្រះវិហារលែងព្រួយបារម្ភរឿងទីផ្សារទៀតហើយ បន្ទាប់ពីខេត្តនេះបាននាំចេញកសិផលសេរីរាង្គឈានមុខគេនៅកម្ពុជា
ព្រះវិហារ ៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារកំពុងប្រកបរបរកសិកម្ម ប្រមាណ ៨០% នៅទូទាំងខេត្ត ខណៈដែលនៅក្នុងឆ្នាំ២០២២ ការដាំដុះស្រូវនារដូវវស្សាអនុវត្តបានចំនួន ៩៩,១២០ហិកតា លើផែនការ ៩១,២០០ហិកតា ដែលផ្ទៃដីប្រមូលផលសរុប ៩៤,០៦៣ហិកតា ផ្ទៃដីប្រមូលផលបាន ៩៤,០៦៣ហិកតា ស្មើនឹង ១០០% ទទួលបានបរិមាណផលចំនួន ២៨៣,៧៤៣តោន និងទិន្នផលជាមធ្យម ៣.០១៧តោន/ហិកតា។
ក្នុងឱកាសសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាល ខេត្តព្រះវិហារ» កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅនេះ អភិបាលខេត្តព្រះវិហារបានឱ្យដឹងពីគម្រោងក្នុងការជំរុញខេត្ត ព្រះវិហារឱ្យប្រែក្លាយជាខេត្តកសិកម្មសេរីរាង្គនាពេលខាងមុខ។ ការជំរុញរបស់រដ្ឋបាលខេត្តព្រះវិហារបែបនេះ បានញុំាងឱ្យប្រជាកសិករនៅក្នុងខេត្តអស់ការព្រួយបារម្ភពីបញ្ហាកង្វះទីផ្សារលក់ ព្រោះកសិផលដែលផលិតបានជាកសិផលដែលមានគុណភាពទៅតាមស្តង់ដារ។
ទន្ទឹមនឹងនេះ ប្រជាកសិករនៅក្នុងខេត្តបាន និងកំពុងដាំដុះផ្តោតទៅលើគុណភាព ជាពិសេសគឺស្រូវ ដែលជាប្រភេទស្រូវមានគុណភាពអាចកិនជាអង្ករ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន។ នេះបើតាមការឱ្យដឹងពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា បន្តថា ៖ «ការដាំដុះផ្តោតលើគុណភាព ឬបែបសេរីរាង្គ បានធ្វើឱ្យកសិករមិនបានបារម្ភអំពីបញ្ហាទីផ្សារនោះទេ ដោយពួកគេបានចងក្រងគ្នាជាសហគមន៍ និងបានចុះកិច្ចសន្យាជាមួយក្រុម ហ៊ុនជាច្រើន ដែលធ្វើឱ្យតម្លៃស្រូវទទួលតម្លៃល្អប្រសើរ»។
លោកបានលើកឡើងបន្ថែមថា រដ្ឋបាលខេត្តបានធ្វើការងារនេះអស់រយៈពេល ៧ឆ្នាំ – ៨ឆ្នាំកន្លងមកហើយ ហើយបងប្អូននៅខេត្តព្រះវិហារ មានការសប្បាយចិត្តតាមរយៈចងក្រងជាសហគមន៍ និងចុះកិច្ចសន្យាលក់ស្រូវរបស់ពួកគេ ជូនក្រុមហ៊ុនជាច្រើន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួនទៀត។
ជាមួយគ្នានេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្តព្រះវិហារនឹងជំរុញឱ្យខេត្តនេះប្រែក្លាយជាខេត្តកសិកម្មសេរីរាង្គ នាពេលខាងមុខ ខណៈបច្ចុប្បន្ននេះ កសិករនៅក្នុងខេត្ត កំពុងតែពង្រឹងការដាំដុះកសិផលផ្តោតលើគុណភាពជាចម្បង និងជាខេត្តដែលបាននាំចេញកសិផលសេរីរាង្គឈានមុខគេនៅកម្ពុជា។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «យើងនឹងបន្តពង្រឹងការអនុវត្តកសិកម្ម តាមកិច្ចសន្យា ការផលិតស្រូវសេរីរាង្គ និងជំរុញកសិករឱ្យបង្កបង្កើនផល និងរក្សាគុណភាព ព្រមទាំងខិតខំប្រែ ក្លាយខេត្តព្រះវិហារទៅជាខេត្តកសិកម្ម សេរីរាង្គ»។
គួរជម្រាបថា បច្ចុប្បន្ននេះខេត្តព្រះវិហារ មានសហគមន៍កសិកម្មសរុបចំនួន ៤៣សហគមន៍ មានសមាជិកសរុប ប្រមាណមួយម៉ឺនគ្រួសារ ដោយមានការសម្របសម្រួលពីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីទទួលជាស្គាល់ជា សហគមន៍កសិកម្មស្របច្បាប់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម ផ្តោតលើការធ្វើឥណទាន កសិកម្មខ្នាតតូច ផ្គត់ផ្គង់សម្ភារកសិកម្ម ធ្វើរបរទីផ្សារ និងបានចុះកិច្ចសន្យាទិញលក់ផលិតផល សរីរាង្គដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទីសរីរាង្គ៕