ចំណេះដឹងខ្លីៗសម្រាប់ស្ត្រីជាម្ដាយ ជួយបញ្ចុះកម្ដៅខ្លួនកូនតូចពេលក្ដៅខ្លាំងក្នុងជំហានបឋម
នៅពេលកូនតូចគ្រុនក្តៅខ្លួន រឿងដែលសំខាន់បំផុតនោះគឺត្រូវប្រញាប់បញ្ចុះកម្ដៅឱ្យកូនជាបន្ទាន់ ព្រោះក្មេងអាចនឹងត្រូវប្រកាច់ដោយសារតែកម្ដៅខ្លួនឡើងខ្លាំង ជាពិសេសចំពោះក្មេងដែលធ្លាប់មានប្រវត្តិប្រកាច់ពីមុនមក។
ការបញ្ចុះកម្ដៅខ្លួនកូនក្នុងជំហានបឋមពេលនៅផ្ទះអាចធ្វើបានដូចតទៅ៖
១ -ឱ្យលេបថ្នាំបញ្ចុះកម្ដៅតាមចំនួនដែលគ្រូពេទ្យកំណត់ និងឱ្យលេបថែមទៀតបានក្នុងរយៈពេលពី ៤-៦ម៉ោងបន្ទាប់ បើសិនជានៅតែក្តៅខ្លួន។
២ -ជូតខ្លួនឱ្យកូន ដើម្បីបញ្ចុះកម្ដៅ តាមវិធីដែលត្រឹមត្រូវមួយចំនួនដូចជា ត្រូវបិទកង្ហារ និងម៉ាស៊ីនត្រជាក់ឱ្យអស់ មុននឹងធ្វើការជូតខ្លួនឱ្យក្មេង។ បន្ទាប់មកត្រូវយកកន្សែងពោះគោតូចៗ ២-៣ ទុកប្រើឆ្លាស់គ្នា ដោយជ្រលក់ទឹកស្អាតធម្មតា ហើយពូតទឹកចេញតិចៗ យកមកជូតផ្ទៃមុខ ផ្នែកខាងលើជាមុនសិន រួចសឹមជូតតាមដងខ្លួនផ្នែកខាងមុខ និងខ្នង បន្ទាប់មកដៃទាំងសងខាង រួចចុះទៅដល់ជើងទាំង២ រួចជូតត្រឡប់មករកដើមទ្រូង ដើម្បីឱ្យឈាមហូរវិលត្រឡប់មករកបេះដូងវិញបានល្អ។
គួរជូតឱ្យបានញឹកញាប់នៅត្រង់បំពង់ក ក្លៀក គន្លាក់កែងដៃ បាតដៃ បាតជើង និងជូតចុះឡើងដដែលៗ ២-៣ដង ចំណាយពេលវេលាប្រមាណ ១០-១៥នាទី រហូតទាល់តែកម្ដៅថយចុះ។
ក្នុងករណីអនុវត្តដូចដែលបានជម្រាបជូនខាងលើហើយ បើក្មេងនៅតែមានកម្ដៅខ្លាំងដដែល ចូរប្រញាប់នាំទៅមន្ទីពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលយ៉ាងត្រឹមត្រូវជាបន្ទាន់៕