Close

កម្ពុជាប្រមូលបានចំណូលពីពន្ធដារ ៣ ៤៣៧លានដុល្លារ លើសផែនការប្រមាណជាង ២៥%

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានជាតិ
កម្ពុជាប្រមូលបានចំណូលពីពន្ធដារ ៣ ៤៣៧លានដុល្លារ លើសផែនការប្រមាណជាង ២៥% កម្ពុជាប្រមូលបានចំណូលពីពន្ធដារ ៣ ៤៣៧លានដុល្លារ លើសផែនការប្រមាណជាង ២៥%

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រកាសថា កម្ពុជាទទួលបានចំណូលពីពន្ធដារ និងគយ លើសពីផែនការដែលបានកំណត់ប្រមាណជាង ២៥% នាឆ្នាំ២០២២នេះ។ ការប្រកាសរបស់សម្ដេចតេជោ ធ្វើឡើងនាឱកាសអញ្ជើញបើកការដ្ឋានស្ដារ និងលើកគុណភាពផ្លូវលេខ ៣១ និងផ្លូវ ៣៣។

សម្ដេចបានមានប្រសាសន៍ថា ៖ «ខ្ញុំគួរតែជម្រាបថា ឆ្នាំនេះទាំង ផ្នែកគយ និងពន្ធដារគឺមានការលើសផែនការប្រមាណជាង ២៥%…ម្សិលមិញនេះពន្ធដារសម្រេចបាន ៣ ៤៣៧លានដុល្លារ ស្មើនឹង ១២១,៩៣% នៅសល់ថ្ងៃនេះ និងស្អែក ឯគយគាត់រកបាន ២ ៦៧០លានដុល្លារ ស្មើនឹង ១០៤,១៥% គិតទៅវាលើសផែនការរហូតទៅដល់ ១២២%»។

សម្ដេចបានបញ្ជាក់ផងដែរថា ៖ «ទាំងនេះគឺមិនទាន់គិតពីចំណូលមិនមែនសារពើរពន្ធនៅឡើយទេ ដែលខ្ញុំជឿជាក់ថាចំណូលមិនមែនសារពើរពន្ធនឹងកើនឡើងនៅឆ្នាំនេះ។ គ្រាន់តែវិស័យទេសចរណ៍ដែលឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវប្រមាណ ២លាននាក់ ដូច្នេះកម្ពុជាអាចទទួលបានចំណូល ៦០លានដុល្លាររួចហើយ ដោយនោះជាតម្លៃទិដ្ឋាការ»។

គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជាសម្រេចបានចំណូលពន្ធ-អាករសរុបចំនួនជាង ២,៧ពាន់លានដុល្លារ(២៧៨១,៩២លានដុល្លារ) ស្មើនឹង១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២១។ ចំណែកឯការប្រមូលចំណូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករវិញ នៅពេញមួយឆ្នាំ២០២១ សម្រេចបានជិត២ពាន់៣រយលានដុល្លារអាមេរិក មានការថយចុះប្រមាណជាង ៥% ធៀបនឹងឆ្នាំ២០២០៕

អត្ថបទទាក់ទង