ក្រសួងកសិកម្ម នឹងរៀបចំ «ពិព័រណ៍កសិកម្មកម្ពុជា» រយៈពេល ៤ថ្ងៃ នៅកោះពេជ្រ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងពី វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE25)នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ព្រឹត្តិការណ៍ CAFE25 គឺជាគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយលោករដ្ឋមន្ដ្រី ឌិត ទីណា ដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករអ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នានា ផ្សារភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ-កសិស្បៀងអាហារនៅកម្ពុជាដែលកំពុងរីកចម្រើនជាមួយនឹងកសិផលសក្តានុពលជាច្រើនប្រភេទ។
ដោយឡែក លោក អនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ CAFE25 មានចំណុចលេចធ្លោប្លែកមិនធ្លាប់មាន។ បើតាមលោក ឃឹម ហ្វីណង់ ក្រៅពីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា ព្រឹត្តិការណ៍ CAFE25 ផ្តោតការយកចិត្តទុកដាក់ចំពោះកសិករជាចម្បង។
លោកបន្តថា តាមរយៈកម្មវិធីទស្សនកិច្ចរបស់កសិករ កសិករជាង ៨,០០០នាក់នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ ដែលការណ៍នេះផ្តល់ឱកាសដ៏ពិសេសសម្រាប់អាជីវកម្មក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ជាមួយកសិករកម្ពុជាដែលមកពីគ្រប់តំបន់។
តាមរយៈសន្និសីទសារព័ត៌មាននាថ្ងៃនេះ លោកស្រីអនុរដ្ឋលេខាធិការ អ៊ឹម រចនា សង្ឃឹមថា បងប្អូនអ្នកសារព័ត៌មាននឹងបានជ្រាបកាន់តែច្បាស់អំពីសារៈសំខាន់នៃព្រឹត្តិការណ៍ CAFE25 និងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឲ្យបានទូលំទូលាយបន្ថែមទៀត ហើយក្រសួងបានត្រៀមខ្លួនរួចរាល់ដើម្បីសហការជាមួយស្ថាប័នសារព័ត៌មាន ផ្ដល់បទសម្ភាស និងបទយកការណ៍ផ្សេងៗ ដើម្បីធានាថា សាធារណជន កសិករ សហគមន៍កសិកម្ម ក្រុមហ៊ុន សហគ្រាស និងដៃគូអភិវឌ្ឍនានា នឹងអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
សូមជម្រាបថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់ដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។ ព្រឹត្តិការណ៍ CAFE25 នឹងក្លាយជាវេទិកាប្រវត្តិសាស្រ្តដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕