Close

អង្គការបាយ័ន និងរដ្ឋបាលក្រុងរុនតាឯក អនុវត្តគម្រោងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងក្រុង

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 14:43 pm ព័ត៌មានជាតិ
អង្គការបាយ័ន និងរដ្ឋបាលក្រុងរុនតាឯក អនុវត្តគម្រោងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងក្រុង អង្គការបាយ័ន និងរដ្ឋបាលក្រុងរុនតាឯក អនុវត្តគម្រោងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងក្រុង

សៀមរាប៖ អង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ និងរដ្ឋបាលក្រុងរុនតាឯកតេជោសែននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើការគាំទ្រកិច្ចសន្យាអនុវត្តគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងរួមបញ្ចូលសម្រាប់យុវវ័យ និងស្ត្រី ដែលគម្រោងនេះមានរយៈពេលអនុវត្ត ២ឆ្នាំ ក្រោមជំនួយរបស់ Organisation internationale de la Francophonie (OIF)។

លោក Guillaume Jumel នាយកអង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ បានបង្ហាញថា គម្រោងមួយនេះនឹងអនុវត្តរយៈពេល ២ឆ្នាំ ចាប់ពីពេលនេះតទៅ ដោយផ្ដោតទៅលើវិស័យទេសចរណ៍ ជាពិសេស អេកូទេសចរណ៍ ដោយមានការបង្កើតអាជីវកម្មខ្នាតតូច ខាងផ្នែកដាំដុះបន្លែសិរីរាង ចិញ្ចឹមសត្វ ដូចជាអាជីវកម្មទាក់ទងនឹងកែច្នៃអាហារមួយចំនួន និងអាជីវកម្មផ្សេងៗទៀត ដែលអាចនឹងចូលរួមជំរុញនូវវិស័យអេកូទេសចរណ៍នៅក្នុងក្រុងរុនតាឯកតេជោសែននេះ។

អង្គការបាយ័ន និងរដ្ឋបាលក្រុងរុនតាឯក អនុវត្តគម្រោងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងក្រុង

លោកនាយកអង្គការ បន្តថា តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋដែលចូលរួមអនុវត្តនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការអនុវត្តអាជីវកម្មថ្មី ពួកគាត់នឹងអាចបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារបន្ថែម បង្កើនការងារធ្វើនៅក្នុងមូលដ្ឋាន កាត់បន្ថយការងារចំណាកស្រុក។ លើសពីនេះ គម្រោងនេះក៏នឹងធ្វើឱ្យប្រសើរឡើងនូវកត្តាបរិស្ថាន តាមរយៈបរិស្ថានបៃតង និងនិរន្តរភាពផ្សេងៗមួយចំនួន។

លោកបន្ថែមថា ការសាកល្បងអនុវត្តរយៈពេល២ឆ្នាំនេះ ប្រសិនជាយើងទទួលបានជោគជ័យ យើងនឹងអាចបន្តមួយវគ្គ ឬពីរវគ្គបន្ថែមទៀត ដែលអាចអនុវត្តប្រហែលជា ៤ ទៅ៦ឆ្នាំទៀតយ៉ាងតិច ដើម្បីយើងទទួលបានលទ្ធផលកាន់តែធំធេងនៃគម្រោងនេះ។ ជាមួយគ្នានេះ លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងក្រុងរុនតាឯកតេជោសែន សូមចូលរួមឱ្យបានសកម្មក្នុងសកម្មភាពរបស់គម្រោងនេះ ដូចជាការចូលរួមកាងាររួមជាមួយនឹងសហគមន៍ ធ្វើឱ្យយើងមានលទ្ធភាពក្នុងការគិតគូរវែងឆ្ងាយលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលជាវិស័យដែលសំខាន់ ហើយយើងត្រូវការអភិវឌ្ឍវាក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។

អង្គការបាយ័ន និងរដ្ឋបាលក្រុងរុនតាឯក អនុវត្តគម្រោងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងក្រុង

លោក អ៉ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា គម្រោងនេះមានអត្ថប្រយោជន៍ណាស់សម្រាប់មូលដ្ឋានមួយនេះ តាមរយៈការផ្ដល់ជំនាញជូនប្រជាពលរដ្ឋក្នុងការអនុវត្តប្រចាំថ្ងៃ និងទៅអនាគត ដោយឱ្យប្រជាពលរដ្ឋមានការងារធ្វើនៅនឹងកន្លែង។ ជាមួយគ្នានេះ ពួកគាត់នឹងទទួលបានប្រាក់ចំណូលបន្ថែម ពីអ្វីដែលគាត់មានស្រាប់ តាមរយៈការអនុវត្តគម្រោង ហើយគាត់នឹងទទួលបានផលបន្ថែម ដែលគោលដៅចុងក្រោយ គឺយើងនឹងពង្រឹងសមត្ថភាពសហគមន៍ ទាក់ទងជាមួយនឹងអេកូទេសចរណ៍ ក៏ដូចជាវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន។

លោកអភិបាលក្រុងបន្តថា គម្រោងនេះ ក៏នឹងជួយពង្រឹងតួនាទីភាពជាអ្នកដឹកនាំ និងការងាររបស់សហគមន៍មួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងឱ្យពួកគាត់អាចរៀបចំការអនុវត្ត ទោះបីជានៅពេលគម្រោងនេះបញ្ចប់ ក៏ពួកគាត់អាចមានសមត្ថភាពរៀបចំសហគមន៍ពួកគាត់សម្រាប់ដំណើរការការងារទៅមុខបន្តបន្ទាប់ទៅទៀតបាន។ នេះគឺគោលបំណងរួមរបស់យើង គឺយើងចង់ឲ្យគាត់ទទួលបានលទ្ធផលដូចខ្ញុំបានជម្រាបជូនខាងដើម។ លោកថា ទោះជាយើងមានអ្នកគាំទ្រក៏ដោយ តែយ៉ាងណាប្រជាពលរដ្ឋដែលជាអ្នកអនុវត្តគម្រោង ត្រូវខិតខំប្រឹងប្រែង និង ទទួលយកការអនុវត្តដោយស្ម័គ្រចិត្ត ដើម្បីគោលដៅរួម គឺយើងធ្វើការអភិវឌ្ឍសហគមន៍នៅទីនេះ ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង តាមរយៈការរួមគ្នាដើម្បីគម្រោងនេះជោគជ័យទៅថ្ងៃខាងមុខ។

អង្គការបាយ័ន និងរដ្ឋបាលក្រុងរុនតាឯក អនុវត្តគម្រោងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងក្រុង

អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។

ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន ២គឺ សង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ ទីតាំងរដ្ឋបាល ក្រុងរុនតាឯកតេជោសែន ត្រូវស្ថិតនៅក្នុងសង្កាត់រុនតាឯក។ ទីតាំងរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវស្ថិតនៅក្នុងឃុំខ្នារសណ្ដាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍បញ្ជាក់ថា ការកែប្រែតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯកនេះ ក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រ និងជាមរតកដ៏ថ្លៃថ្លា ហើយនឹងក្លាយជាបុរីជនបទគំរូ ដែលជាការធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានសិទ្ធិលើកម្មសិទ្ធិដីធ្លីស្របច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើន ជាងមុន និងជីវភាពរស់នៅល្អប្រសើរជាងមុន។លើសពីនេះ ការអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យក្លាយទៅជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ជាការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ជាការលើកទឹកចិត្តប្រជាពលរដ្ឋ ដែលនៅសេសសល់ ដែលគ្រោងឲ្យពួកគាត់ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ៕

អង្គការបាយ័ន និងរដ្ឋបាលក្រុងរុនតាឯក អនុវត្តគម្រោងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងក្រុង