រដ្ឋមន្ត្រីការបរទេសថៃ អំពាវនាវឱ្យកម្ពុជា ធ្វើសកម្មភាពដោយស្មោះស្ម័គ្រក្នុងកិច្ចសហប្រតិបត្តិការព្រំដែន
បាងកក៖ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានអំពាវនាវឱ្យកម្ពុជាធ្វើសកម្មភាពដោយស្មោះស្ម័គ្រក្នុងកិច្ចសហប្រតិបត្តិការព្រំដែន ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីនក្រោមក្របខណ្ឌរបស់គណៈកម្មការព្រំដែនរួម។
លោក Sihasak Phuangketkeow បានអំពាវនាវបែបនេះកាលពីថ្ងៃពុធក្នុងពេលលោកថ្លែងទៅកាន់អ្នកការទូតចំនួន ៩៩ នាក់មកពីប្រទេសចំនួន៦៧ និងអង្គការអន្តរជាតិចំនួន ៥ ។
នាឱកាសនោះ លោក រដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសថៃចំពោះទំនាក់ទំនងសន្តិភាព និងការចូលរួមឡើងវិញនៅក្នុងទំនាក់ទំនងការទូតពិភពលោក។
លោកបន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចប្រជុំចតុភាគី ដែលមានប្រទេសថៃ កម្ពុជា អាមេរិក និងម៉ាឡេស៊ី ក្នុងគោលបំណងជំរុញការសន្ទនា។

លោកក៏បានកត់សម្គាល់ផងដែរថា សេចក្តីថ្លែងការណ៍ថ្មីៗរបស់កម្ពុជានៅអង្គការសហប្រជាជាតិ មិនបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីការពិភាក្សាពីមុនរវាងប្រជាជាតិទាំងពីរនោះ។
ឆ្លើយតបនឹងបញ្ហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា មួយរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។
ជាមួយគ្នានេះ លោកស្នើឱ្យបងប្អូនខ្មែរគ្រប់រូប កត់ចំណាំថា ក្នុងកាលៈទេសៈបែបនេះ អ្នកស្រឡាញ់ជាតិពិតប្រាកដ បាននិងកំពុងស្រាក់ដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលនិងកងទ័ពដើម្បីការពារផលប្រយោជន៍ជាតិក្នុងនាមជាខ្មែរដែលត្រូវឈរការពារផលប្រយោជន៍ខ្មែរទោះជាក្នុងតម្លៃណាក៏ដោយ។ ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯងនៅក្នុងកាលៈទេសៈបែបនេះឡើយ។ សកម្មភាពដែលប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងបន្តធ្វើគឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ និងបង្កើតបានជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។
លោក បានអំពាវនាវដល់ ជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឱ្យបានស្ថិរស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសលើថ្នាក់ដឹកនាំដែលដឹងយ៉ាងច្បាស់ថា តើកាលៈទេសៈណាត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីការពារសុខសន្តិភាពនិងបូរណភាពទឹកដី។ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ៕