Close

អង្ករនាងអំ កាន់តែមានការទីផ្សារល្អ ខណៈមានការព្រួយបារម្ភពីការបាត់គុណភាពពូជដើម

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ សង្គម
អង្ករនាងអំ កាន់តែមានការទីផ្សារល្អ ខណៈមានការព្រួយបារម្ភពីការបាត់គុណភាពពូជដើម អង្ករនាងអំ កាន់តែមានការទីផ្សារល្អ ខណៈមានការព្រួយបារម្ភពីការបាត់គុណភាពពូជដើម

អង្ករនាងអំ គឺជាអង្ករមួយប្រភេទដែលស្រាវជ្រាវរកឃើញដោយពលរដ្ឋម្នាក់រស់នៅក្នុងខេត្តក្រចេះផ្ទាល់ក្នុងអំឡុងទសវត្សរ៍ទី៨០ ដែលមានក្លិនក្រអូបប្រហើរ មានរសជាតិឆ្ងាញ់ក្រអួន និងមានទម្ងន់ធ្ងន់ជាងអង្ករនានា។

នាងអំ កើតចេញពីឈ្មោះស្ត្រីមួយរូប ដែលបច្ចុប្បន្ននេះមានជន្មាយុ៨០ឆ្នាំប្លាយទៅហើយ។ ស្ត្រីឈ្មោះអំ រូបនេះហើយជាអ្នកប្រទះឃើញពូជស្រូវថ្មី ខុសប្លែកពីពូជស្រូវដែលខ្លួនកំពុងដាំ ហើយដែលក្រោយមកស្ត្រីរូបនេះបានសាកល្បងដាំ និងបានទទួលផលមិនគួរឱ្យជឿ។

បន្ទាប់មកទៀត ស្រ្តីឈ្មោះអំ បានចែកពូជស្រូវថ្មីនេះឱ្យអ្នកនៅក្នុងតំបន់ដាំដុះគ្រប់គ្នា រហូតបានក្លាយទៅជាពូជស្រូវមួយដែលមានការពេញនិយមដាំដុះក្នុងខេត្តក្រចេះ។ រហូតមកដល់បច្ចុប្បន្ន ការបន្សុទ្ធពូជស្រូវ នាងអំ ត្រូវបានចៅស្រីប្រសាររបស់លោកយាយអំ ជាអ្នកកាន់កាប់ និងយកចិត្តទុកដាក់មិនឱ្យមានការបង្កាត់ពូជស្រូវនេះជាមួយពូជស្រូវផ្សេង ដែលនាំឱ្យបាត់បង់គុណភាពដើម។

បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ពូជស្រូវនាងអំដែលសុទ្ធមានក្លិនក្រអូបតាំងពីដើមស្រូវតែម្ដង ហើយប្រសិនបើនៅទីណាមានដាំពូជស្រូវនេះសុទ្ធ ច្បាស់ណាស់ថា ទីនោះនឹងមានក្លិនក្រអូបឈ្លុយឈ្ងប់តែម្ដង។ ចំណែកឯការដាំដុះ និងថែទាំវិញ កសិករប្រើត្រឹមតែជីលាមកគោ គឺគ្រប់គ្រាន់ហើយ។

ក្រឡេកទៅកាន់អាជីវករមួយរូបដែលលក់អង្ករនាងអំ និងអះអាងថាខ្លួនលក់នូវពូជសុទ្ធ គឺអ្នកស្រី ឈឺន សុភាសី បានឱ្យដឹងថា ខ្លួនបានស្វែងយល់យ៉ាងលម្អិតអំពីការដាំដុះពូជស្រូវថ្មីមួយនេះ ដោយព្យាយាមរក្សាភាពដើមរបស់វាឱ្យខាងតែបាន។

មិនមែនត្រឹមតែជាអាជីវករប៉ុណ្ណោះទេ អ្នកស្រី ឈឺន សុភាសី ក៏ជាកសិករដាំដុះផ្ទាល់តែម្ដង ដែលបច្ចុប្បន្ននេះ អ្នកស្រីកំពុងដាំដុះពូជស្រូវនាងអំលើផ្ទៃដីប្រមាណជា ២០០ហិកតា។

អ្នកស្រីបានរៀបរាប់ថា៖ «ពីដំបូងអតិថិជនគាត់មិនស្គាល់ពូជអង្ករនាងអំទេ ប៉ុន្តែបន្ទាប់ពីយើងបញ្ចុះបញ្ចូលឱ្យគាត់សាកល្បងហើយ ភាគច្រើនពួកគាត់សរសើរថាឆ្ងាញ់ ហើយក្រអូបប្លែក»។

អ្នកស្រីបន្តថា ៖ «ដោយសារតែភ្ញៀវភាគច្រើនបានស្គាល់អង្ករនាងអំ អីចឹងទៅភាគច្រើនមកសួររកតែ អង្ករនេះ ធ្វើឱ្យយើងលក់ដាច់អស់ច្រើន»។

ទន្ទឹមនឹងភាពល្បីរន្ទឺរបស់អង្ករនាងអំនៅក្នុងទីផ្សារ ក៏មាននូវការព្រួយបារម្ភផងដែរ ទៅលើការបាត់បង់គុណភាពដើមរបស់វា។ ការបាត់គុណភាពនៃពូជស្រូវនាងអំនេះ អាចធ្វើបានច្រើនរូបភាព ទី១ ដែលសំខាន់ជាងគេ គឺការប្រើប្រាស់ជីគីមីលើស្រូវនាងអំ ដោយវាអាចធ្វើឱ្យថយរសជាតិ និងមិនមានក្លិនក្រអូប។ ចំណុចសំខាន់ទី២គឺ ការបង្កាត់ពូជស្រូវនាងអំ ជាមួយពូជស្រូវផ្សេង ដោយសារតែអង្ករនាងអំមានរូប រាងខ្លីៗ មិនវែងស្រលូនដូចអង្ករផ្សេងទេ។

ដើម្បីចៀសវាងនូវការបាត់បង់គុណភាពដើមរបស់ពូជស្រូវនាងអំ អ្នកដាំដុះគួរតែស្វែងយល់អំពីលក្ខណៈពិសេសរបស់ប្រភេទស្រូវនេះបន្ថែម ហើយទទួលយកនូវអ្វីដែលជាភាពដើមរបស់វាស្រាប់។

យ៉ាងណាមិញ ដើម្បីបង្រ្គប់តម្រូវការអតិថិជន ក៏ដូចជាពង្រីកពូជដែលមានគុណភាពឱ្យកាន់តែទូលាយ អ្នកស្រីមានបំណងចង់បន្ថែមការដាំដុះ ដោយចង់បង្កើតជាសហគមន៍សម្រាប់ដាំដុះតែម្ដង។ ហើយប្រសិនបើជោគជ័យ អ្នកស្រីអាចមានឱកាសពង្រីកទីផ្សារលក់អង្ករនាងអំទៅដល់ក្រៅប្រទេសទៀតផង៕

អត្ថបទទាក់ទង