Close

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវទៅកាន់វិនិយោគិនចូលរួមគាំទ្រក្នុងកិច្ចពិគ្រោះយោបល់

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:33 am ព័ត៌មានជាតិ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវទៅកាន់វិនិយោគិនចូលរួមគាំទ្រក្នុងកិច្ចពិគ្រោះយោបល់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវទៅកាន់វិនិយោគិនចូលរួមគាំទ្រក្នុងកិច្ចពិគ្រោះយោបល់

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវទៅកាន់វិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុទាំងក្នុងស្រុក និងអន្តរជាតិ ឱ្យចូលរួមគាំទ្រយ៉ាងសកម្មដល់កិច្ចពិគ្រោះយោបល់ តាមរយៈការវិនិយោគលើគំនិតផ្តួចផ្តើមផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដែលផ្តល់អាទិភាពដល់ផលចំណេញផ្នែកហិរញ្ញវត្ថុ និងផលជះសង្គមជាវិជ្ជមាន។

ការអំពាវនាវនេះបានធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់លើកទី៣ ជាមួយពហុភាគីពាក់ព័ន្ធស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលរៀបចំធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជានៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ និងកិច្ចពិគ្រោះយោបល់ស្តីពីការចូលរួមរបស់វិនិយោគិនប្រកបដោយការទទួលខុសត្រូវនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុបានបន្ថែមថា៖ «ទំនុកចិត្តរបស់វិនិយោគិនមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។ យើងរួចគ្នាអាចធានាបាននូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលជួយលើកកម្ពស់សិទ្ធិសហគមន៍ និងលើកកំពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»

លោកជំទាវ ឌិត នីតា ថ្លែងថា៖ «កិច្ចពិគ្រោះយោបល់នេះជាជំហ៊ានវិត្តដ៏សំខាន់មួយសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សមាគមប្តេជ្ញាធានាឱ្យថា វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តជាកម្លាំងចលករដ៏សំខាន់មួយដើម្បីពង្រឹងសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន»។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអំពាវនាវទៅកាន់វិនិយោគិនចូលរួមគាំទ្រក្នុងកិច្ចពិគ្រោះយោបល់

លោកជំទាវបានបន្ថែមថា៖ «យើងស្វាគមន៍ វិនិយោគិន និងដៃគូទាំងអស់ដែលមានចក្ខុវិស័យរួមគ្នាជាមួយយើងក្នុងការសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងភាពធន់»។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំជាថ្មី ក្នុងការគាំទ្រកិច្ចពិគ្រោះយោបល់ពហុភាគីស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា ដោយសង្កត់ធ្ងន់អំពីតួនាទីរបស់ខ្លួនក្នុងការជំរុញសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ពង្រឹងកិច្ចការពារអតិថិជន និងការធានានូវនិរន្តរភាពសម្រាប់វិស័យ។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់លើកទី៣ ជាមួយពហុភាគីពាក់ព័ន្ធស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលរៀបចំធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជានៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ និងកិច្ចពិគ្រោះយោបល់ស្តីពីការចូលរួមរបស់វិនិយោគិនប្រកបដោយការទទួលខុសត្រូវនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅ
រាជធានីភ្នំពេញ។

ដំណើរការកិច្ចពិគ្រោះយោបល់ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជានេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដូចជា និយតករ គ្រឹះស្ថានហិរញ្ញវត្ថុ វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីលើកឡើងពីឱកាស និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងជំរុញឱ្យមានកិច្ចសន្ទនាប្រកបដោយបរិយាបន្នក្នុងចំណោមតួអង្គសំខាន់ៗ បង្កើតការយល់ដឹងរួមគ្នាអំពីបញ្ហាប្រឈមជាប្រព័ន្ធ និងស្វែងរកដំណោះស្រាយដែលកំពុងកើតមាននិងអាចកើតមានក្នុងពេលអនាគត ដើម្បីពង្រឹងវិស័យធនាគារ និង
ហិរញ្ញវត្ថុ។

ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២២ ដែលបានព្រមព្រៀងគ្នា សកម្មភាពចំនួន១០ ត្រូវបានបញ្ចប់ ហើយសកម្មភាពចំនួន១២ កំពុងដំណើរការ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលភារកិច្ចសហការដឹកនាំសកម្មភាពអាទិភាពចំនួន៦ ដែលក្នុងនោះ សកម្មភាពចំនួន៣ ត្រូវបានបញ្ចប់ ហើយសកម្មភាពចំនួន៣ កំពុងដំណើរការយ៉ាងល្អ។

សកម្មភាពទាំងនេះរួមមាន ក្របខណ្ឌលើកទឹកចិត្ត ការវាយតម្លៃដោយភាគីទី៣នូវក្រមប្រតិបត្តិក្នុងចំណោមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចំនួន៣០ ស្តង់ដារកិច្ចសន្យាឥណទានរួមប្រកបដោយតម្លាភាព ការហាមឃាត់ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិច(ICLTs)ធ្វើជាទ្រព្យធានា ព្រមទាំងផ្តល់ការរៀបចំឥណទានឡើងវិញដល់អតិថិជនដែលជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ មូលនិធិវិស័យ ការសិក្សាអំពីការកំណត់តម្លៃប្រកបដោយការទទួលខុសត្រូវ ការបង្កើតមជ្ឈមណ្ឌលគាំពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ(FCC) គោលការណ៍ណែនាំស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការសិក្សាអំពីកម្ចីក្រៅផ្លូវការដែលធ្វើឡើងដោយភាគីឯករាជ្យ៕