Close

អង់គ្លេស ផ្គត់ផ្គង់អ៊ុយក្រែននូវអ៊ុយរ៉ាញ៉ូមម្យ៉ាងអាចផលិតទាំងគ្រាប់កាំភ្លើង និងគ្រាប់នុយក្លេអ៊ែរ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អង់គ្លេស ផ្គត់ផ្គង់អ៊ុយក្រែននូវអ៊ុយរ៉ាញ៉ូមម្យ៉ាងអាចផលិតទាំងគ្រាប់កាំភ្លើង និងគ្រាប់នុយក្លេអ៊ែរ អង់គ្លេស ផ្គត់ផ្គង់អ៊ុយក្រែននូវអ៊ុយរ៉ាញ៉ូមម្យ៉ាងអាចផលិតទាំងគ្រាប់កាំភ្លើង និងគ្រាប់នុយក្លេអ៊ែរ

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសព្រមានអំពីផែនការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមប្រភេទ Depleted Uranium (DU) ពីសំណាក់អង់គ្លេសទៅឲ្យអ៊ុយក្រែននោះគឺជាអ្វីដែលនឹងនាំឲ្យមានការគំរាមកំហែងដល់រុស្ស៊ី។

ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា អ៊ុយរ៉ាញ៉ូម DU ដែលអង់គ្លេសសន្យាផ្តល់ឲ្យក្នុងគោលបំណងផលិតគ្រាប់កាំភ្លើងអាចបំពាក់ជាមួយនឹងរថក្រោះនោះគឺជាសារធាតុផ្សំដ៏ចាំបាច់ដែលរុស្ស៊ីជឿជាក់ថាក៏អាចយកទៅផលិតបានជាគ្រាប់នុយក្លេអ៊ែរផងដែរ។

គួរឲ្យដឹងដែរថា អង់គ្លេសបានប្រកាសក្នុងការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូម DU ជាច្រើនបន្ថែមទៀតជាមួយនឹងការដឹកជញ្ជូនរថក្រោះ Challenger 2 ដែលធ្លាប់បានសន្យាជួយដល់កងកម្លាំងអ៊ុយក្រែននាពេលកន្លងមក។

សេចក្តីថ្លែងការណ៍របស់លោក Putin ក៏ត្រូវបានគេមើលឃើញដែរថា បានកើតឡើងនៅក្នុងអំឡុងពេលនៃជំនួបពិភាក្សារវាងមេដឹកនាំចិន លោកប្រធានាធិបតី Xi Jinping និងលោក Putin នាទីក្រុងមូស្គូកាលពីថ្ងៃអង្គារម្សិលមិញនេះ។

អ៊ុយរ៉ាញ៉ូម DU អស់រយៈពេលជាយូរមកហើយគឺជាប្រធានបទដ៏ក្តៅគគុក និងដ៏ចម្រូងចម្រាសរបស់សមាគមអន្តរជាតិ ដោយមានការរិះគន់ជាច្រើនអំពីការប្រើប្រាស់របស់វា ពីព្រោះថាមិនត្រឹមតែអាចបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតមនុស្សនោះទេ វានឹងអាចបន្សល់ទុកនូវវិទ្យុសកម្មក្នុងកម្រិតគួរឲ្យព្រួយបារម្ភផងដែរ៕

អត្ថបទទាក់ទង