ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តឱ្យសិស្សានុសិស្សពិចារណាចាប់យកការសិក្សាជំនាញឌីជីថល
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់រៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។
ការប្រកាសលើកទឹកចិត្តេរបស់ក្រសួងប្រសណយ៍នេះ ធ្វើឡើង ស្របពេលដែល ការប្រឡងសញ្ញាបត្រទុតិយភូមិ (ប្រឡងបាក់ឌុប) របស់សិស្សានុសិស្សថ្នាក់ ទី ១២ នឹងចាប់ផ្តើមនៅថ្ងៃទី ២៨ -២៩ ខែសីហា ឆ្នាំ ២០២៥ នេះ ។
ទន្ទឹមនឹងនេះ ក.ប.ទ. ក៏បានអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។
ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ក.ប.ទ. នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថលចំនួន ៥០០កន្លែង ក្រោម អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្ចីសិក្សាលើជំនាញឌីជីថលដោយមិនគិតការប្រាក់ ក្រោម កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ផ្តល់ជូនក្នុងចំនួនច្រើនកន្លែង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង, សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង, សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង និង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង។
ជាថ្មីម្តងទៀត ក.ប.ទ. សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រលង ហើយក្រសួងសង្ឃឹមថា សិស្សានុសិស្សទាំងអស់នឹងចូលរួមអភិវឌ្ឍកម្ពុជា តាមរយៈការធ្វើទំនើបកម្ម និងចាប់យកជំនាញឌីជីថល សំដៅរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងភាពធន់៕