Close

គណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH នៅប៉ារីស

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
គណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH នៅប៉ារីស គណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH នៅប៉ារីស

ប៉ារីស៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងនាំយកសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH ឆ្នាំ២០២៤ ។

ព្រឹត្តិការណ៍ខាងលើនេះ បានរៀបចំឡើងនៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៤ នៅ STATION F ក្នុងរដ្ឋធានីប៉ារីស ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី១៩ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំទៅដោយតួអង្គសំខាន់ៗនៃប្រទេសនិយាយភាសាបារាំង តំណាងធុរកិច្ចប្រមាណ ១៥០០នាក់ តំណាងរដ្ឋាភិបាលប្រមាណ ១០០នាក់ និងការដាក់តាំងបង្ហាញពិព័រណ៍ពីបណ្ដាប្រទេស ខេត្ត និងសហគ្រាសនានា ប្រមាណ១៥០ស្ដង់។

ដោយក្នុងនោះ ធុរកិច្ចថ្មីឌីជីថលទាំង១២ ដែលត្រូវបានជ្រើសរើសដើម្បីតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្ពុជា រួមមានធុរកិច្ចថ្មី Tenbox (ដែលជាធុរកិច្ចថ្មីឌីជីថលចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ FrancoTech), Sala, PillTech, Morakot Technology, Poscar Digital, ArrowDot, CamMob, BiKay, Confluence, Sourceamax Asia, Quantum-Engineering & Manufacturing, and Immersive Angkor។

គណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH នៅប៉ារីស

បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានចូលរួមក្នុងពិព័រណ៍នវានុវត្តន៍នេះផងដែរ ដើម្បីបង្ហាញនូវថ្នាល និងកម្មវិធី របស់រដ្ឋាភិបាលឌីជីថលកម្ពុជារួមមាន “verify.gov.kh” និង”បាគង”។

នៅក្នុងកម្មវិធីនេះផងដែរលោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ អធិបតេយ្យភាពសេដ្ឋកិច្ចនិងវប្បធម៌” និងឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាអប់រំ និងធនធានមនុស្ស៖ តម្លៃបន្ថែមនៃភាពជាដៃគូរដ្ឋនិងឯកជនសម្រាប់ការឆ្លើយតបជាសកលលើការអប់រំតាមរយៈបច្ចេកវិទ្យាឌីជីថលនិងឈានទៅរកឌីជីថលនៅក្នុងសហគមនិយាយភាសាបារាំង” និង លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាលើប្រធានបទ “និរន្តភាពហិរញ្ញវត្ថុ៖ យុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍របស់តួអង្គសេដ្ឋកិច្ចហ្រ្វង់កូហ្វូន”។

គណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH នៅប៉ារីស

គូសបញ្ជាក់ផងដែរថា ពិព័រណ៍នវានុវត្តន៍ FRANCOTECH ដែលជាព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏ធំមួយ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្តានុពលនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៥ តាមរយៈវេទិកានៃកិច្ចពិភាក្សា, សិក្ខាសាលា, ជំនួបធុរកិច្ចជាមួយធុរកិច្ច និងការតាំងបង្ហាញពិព័រណ៍៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត,ការផ្លាស់ប្តូរថាមពល, មូលធនមនុស្ស, ឡូជីស្ទីក និងសន្តិសុខស្បៀង និង ហិរញ្ញប្បទាននវានុវត្តន៍។

ធុរកិច្ចថ្មីឌីជីថលរបស់យើង បានបង្ហាញនូវសក្តានុពលរបស់យុវជនវ័យក្មេងនិងការអប់រំ ផ្សារភ្ជាប់ទៅនឹងសហគមន៍ប្រទេសនិយាយភាសាបារាំង ។ បន្ថែមពីនេះ គណៈប្រតិភូក៏បានរៀបចំនូវសិក្ខាសាលាពិសេសផ្តោតលើ “ការវិនិយោគនៅកម្ពុជា” ដែលផ្តល់ព័ត៌មានបន្ថែមពីក្របខណ្ឌគោលនយោបាយទាក់ទាញការវិនិយោគ និងជាទីតាំងយុទ្ធសាស្រ្តចូលទៅកាន់ទីផ្សារកំពុងរីកលូតលាស់របស់អាស៊ាន៕

គណៈប្រតិភូធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ១២ និងសេវាបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលចំនួន ២ ចូលរួមពិព័រណ៍នវានុវត្តន៍ FRANCOTECH នៅប៉ារីស