ស៊ីម៉ាក់ព្រមានពីហានីភ័យនៃគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះដែលថៃបាញ់ក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ អំពាំវនាវជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីអង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះជាច្រើន នៅក្នុងតំបន់ព្រំដែនជាប់នឹងប្រទេសថៃ ការរកឃើញនេះធ្វើឡើងក្រោយពីមានការផ្ទុះអាវុធរយៈពេល ៥ថ្ងៃកន្លងទៅ។
យោងតាមអង្គភាព CMAC នៅថ្ងៃទី ១២ ខែសីហានេះ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំទំហំ ១១៥មម បាញ់គ្រាប់បែកចង្កោមប្រភេទ M46 ដែលគ្រាប់ផ្លោងមួយគ្រាប់មានផ្ទុកកូនគ្រាប់បែកចង្កោមចំនួន ៥៦គ្រាប់។ កូនគ្រាប់បែកដែលមិនទាន់ផ្ទុះទាំងនេះបានបង្កជាហានិភ័យខ្ពស់ ព្រោះវាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។ គ្រាប់បែកទាំងនោះត្រូវបានរកឃើញនៅកន្លែងផ្សេងៗគ្នាដូចជានៅលើដើមឈើ ដំបូលផ្ទះ លើដី ឬក្នុងទឹកជាដើម។
អង្គភាព CMAC កំពុងតែមមាញឹកក្នុងការចុះស្រាវជ្រាវ ហ៊ុំព័ទ្ធ និងដាក់ស្លាកសញ្ញា ដើម្បីសម្អាតគ្រាប់បែកចង្កោមទាំងនេះ ក្នុងគោលបំណងផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ។ តំបន់ដែលរងផលប៉ះពាល់រួមមាន ស្រុកសំរោង និងស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ និង ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ច្បាប់អន្តរជាតិស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ ដែលមានប្រទេសចំនួន ១២៣ បានចូលរួមក្នុងអនុសញ្ញានេះ។
ដើម្បីធានាសុវត្ថិភាព ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានឃើញ ឬសង្ស័យថាមានគ្រាប់បែកចង្កោម ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវទាក់ទងភ្លាមៗទៅកាន់មន្ត្រីជំនាញនៃអង្គភាព CMAC អាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិដែលនៅជិតបំផុត ដើម្បីឱ្យពួកគេជួយដោះស្រាយជូន៕