Close

អង្គភាពជំនាញ ៣ ប្រទេស បើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
អង្គភាពជំនាញ ៣ ប្រទេស បើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អង្គភាពជំនាញ ៣ ប្រទេស បើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

កំពង់ឆ្នាំង៖ ប្រតិភូជំនាញសរុបចំនួន២៣រូប មកពីអង្គភាពជំនាញទាំង៣ប្រទេសគឺ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) បើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Workshop)។

សក្ខាសាលានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ដែលគាំទ្រនិងសហការដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA។

អង្គភាពជំនាញ៣ប្រទេសបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ សម្រាប់ផ្តល់ឱកាសជូនអង្គភាពជំនាញទាំង៣ប្រទេសកម្ពុជា ឡាវ និងវៀតណាម ធ្វេីការពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយថ្មីៗ ក្នុងវិស័យសកម្មភាព ដែលនឹងជួយជំរុញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ថែមទៀត។

ទន្ទឹងនឹងនេះ សិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាសម្រាប់ពង្រឹងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាមផងដែរ។

តាមកម្មវិធីដែលបានគ្រោងទុកប្រតិភូនៃសិក្ខាសាលានេះ ត្រូវចុះពិនិត្យកិច្ចប្រតិបត្តិជាក់ស្តែង ក្នុងការបោសសម្អាតចម្ការគ្រាប់របស់អង្គភាពCMAC នៅភូមិសាស្រ្តខេត្តកំពង់ធំ និងការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងភូមិសាស្ត្រខេត្តព្រៃវែងជាដើម៕