Close

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញឱ្យអតីតនិស្សិត អ.ម.ត បន្តអភិវឌ្ឍសមត្ថភាព

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញឱ្យអតីតនិស្សិត អ.ម.ត បន្តអភិវឌ្ឍសមត្ថភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញឱ្យអតីតនិស្សិត អ.ម.ត បន្តអភិវឌ្ឍសមត្ថភាព

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានជំរុញឱ្យអតីតនិស្សិត អ.ម.ត គ្រប់រូបបន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃកម្លាំងពលកម្មកម្ពុជា និងកសាងយុវជនបន្តវេនប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិដឹកនាំខ្ពស់។

លោកជំទាវបណ្ឌិត ថ្លែងជំរុញបែបនេះក្នុងឱកាសអញ្ជើញចូលរួមជាសហអធិបតីភាពជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍ អ.ម.ត ដែលបានទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញឱ្យអតីតនិស្សិត អ.ម.ត បន្តអភិវឌ្ឍសមត្ថភាព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសង្កត់ធ្ងន់ថា៖ «អតីតនិស្សិត អ.ម.ត គ្រប់រូប សូមបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងសម្រួចជំនាញឯកទេសជាប្រចាំ ពោលគឺសូមបន្តអភិវឌ្ឍ សមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួនដោយផ្សារភ្ជាប់ ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍ជាក់ស្តែង សំដៅលើកកម្ពស់ភាពប្រកួតប្រជែង នៃកម្លាំងពលកម្ម និងកសាងយុវជនបន្តវេនរបស់កម្ពុជា ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិដឹកនាំខ្ពស់។»

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតក៏បានចូលរួមអបអរសាទរជាមួយអតីតនិស្សិត និងនិស្សិតអាហារូបករណ៍ អ.ម.ត ចំនួន ៩៩ រូប ដែលទើបតែបញ្ចប់ការសិក្សាដោយជោគជ័យពីសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងចំណោមនិស្សិតទាំងនោះ មានថ្នាក់បណ្ឌិត ២ រូប, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២២ រូប, ថ្នាក់បរិញ្ញាបត្រ ៧២ រូប និងថ្នាក់ត្រៀមភាសាចិន ៣ រូប។

លោកជំទាវបានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់និស្សិតទាំងអស់ បានកសាងមូលដ្ឋានសមត្ថភាពដើម្បីពង្រឹងខ្លួនឯង ហើយនេះគឺជាមោទនភាពនិងសមិទ្ធផលថ្មីមួយទៀតសម្រាប់គណៈកម្មាធិការ ក្រុមការងារអាហារូបករណ៍ អ.ម.ត ព្រមទាំងមាតាបិតា អាណាព្យាបាល និងសង្គមជាតិទាំងមូលផងដែរ៕


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញឱ្យអតីតនិស្សិត អ.ម.ត បន្តអភិវឌ្ឍសមត្ថភាព