គិតត្រឹមពេលនេះ ប្រតិភូកីឡាសរុបចំនួន ១១,៤៥៣ នាក់ បានចុះឈ្មោះចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា
ភ្នំពេញ : នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងមកដល់ ហើយគិតត្រឹមពេលនេះមានប្រតិភូកីឡាសរុបចំនួន ១១,៤៥៣ នាក់ហើយ បានចុះឈ្មោះចូលរួមការប្រកួតដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នាប្រាសាទអង្គរវត្ត ខេត្តសៀមរាប ថា៖«ខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិក នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានសហការយ៉ាងល្អ និងបានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួត។ បើតាមតួលេខទទួលបានជាបឋម មានប្រតិភូកីឡាសរុបចំនួន ១១ ៤៥៣ នាក់ហើយ បានចុះឈ្មោះចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជាយើង ក្នុងនោះរួមមាន៖ ១.ប្រតិភូកីឡា ប្រ៊ុយណេ ៨២នាក់, ២.ប្រតិភូកីឡា កម្ពុជា ១៣២៣នាក់, ៣.ប្រតិភូកីឡា ឥណ្ឌូណេស៊ី ១៧៣៦នាក់, ៤.ប្រតិភូកីឡា ឡាវ ៥៨៣នាក់, ៥. ប្រតិភូកីឡា ម៉ាឡេស៊ី ១៤៤០ នាក់, ៦.ប្រតិភូកីឡា មីយ៉ាន់ម៉ា ៦៦៣ នាក់, ៧.ប្រតិភូកីឡា ហ្វីលីពីន ១១២១ នាក់, ៨. ប្រតិភូកីឡា សឹង្ហបុរី ១២៧១ នាក់, ៩. ប្រតិភូ ថៃ ១៨៥៥ នាក់, ១០. ប្រតិភូកីឡា ទីម័រខាងកើត ១៦៧ នាក់ និង ១១. ប្រតិភូកីឡា វៀតណាម ១២២៣។ តួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ»។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការចូលរួមប្រកួតពីប្រតិភូកីឡាគ្រប់ប្រទេសគ្រប់ប្រភេទកីឡា គឺជាសញ្ញានៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និងជាសក្ខីភាពនៃការគាំទ្រយ៉ាងពេញទំហឹងក្នុងដំណើរឆ្ពោះទៅជោគជ័យរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕