អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូធុរកិច្ចទៅវៀតណាម ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី
កម្ពុជា៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា កំពុងដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា ឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។
កម្មវិធីនៃដំណើរទស្សនកិច្ចនេះ រួមមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដើម្បីបង្កើនកាលានុវត្តភាព និងការផ្សារភ្ជាប់ទំនាក់ទំនងជាអតិបរមាសម្រាប់គណៈប្រតិភូ។ ក្នុងនោះ ព្រឹត្តិការណ៍ដ៏សំខាន់មួយគឺ សន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលរំពឹងថា នឹងមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។
សន្និសីទនេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់សម្រាប់ការជួបផ្ទាល់ សម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទីផ្សារតាមវិស័យនានា។
ក្នុងឱកាសនៃសន្និសីទនេះ ក៏នឹងមានការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាផ្លូវការ ដែលរួមចំណែកដល់ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ទន្ទឹមនឹងនេះ ក៏មានការរៀបចំ ផ្គូផ្គងធុរកិច្ច ដែលផ្តល់ឱកាសពិសេសដល់គណៈប្រតិភូកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនវៀតណាមទៅតាមវិស័យរៀងៗខ្លួន។ គណៈប្រតិភូក៏នឹងធ្វើទស្សនកិច្ចនៅតាមក្រុមហ៊ុនវៀតណាមផងដែរ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីប្រតិបត្តិការ បច្ចេកវិទ្យា និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរួម។
សភាពាណិជ្ជកម្មកម្ពុជាប្តេជ្ញាគាំទ្រសហគ្រាសកម្ពុជាក្នុងការធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ។ បេសកកម្មធុរកិច្ចនេះ រំពឹងថានឹងជួយបើកច្រកថ្មីសម្រាប់អ្នកនាំចេញ និងវិនិយោគិនកម្ពុជា ដែលរួមចំណែកដល់ពិពិធកម្ម និងកំណើនសេដ្ឋកិច្ចជាតិ៕