Close

សម្ដេចតេជោ ៖ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ៖ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ សម្ដេចតេជោ ៖ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍លើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាល ចុងក្រោយរបស់ខ្លួន បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត ២០ ឆ្នាំ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ ដ៏មានសារៈសំខាន់បំផុតមួយនេះ ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ។

សម្ដេចតេជោ មានប្រសាសន៍លើកឡើងដូច្នេះ នាឱកាសពិធីប្រកាសដាក់ឱ្យអនុវត្ត នូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ (២០២៣-២០២៧) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣។ កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា មិនមែនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ។ ការរស់រានរបស់កម្ពុជាឈានមកដល់ពេលនេះ គឺបានមកដោយការធ្វើកំណែទម្រង់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជីវិតរបស់សម្តេចជួបនូវការផុយស្រួយយ៉ាងខ្លាំងលើការធ្វើកំណែទម្រង់នេះ។ ការធ្វើកំណែទម្រង់របស់សម្តេចនាពេលកន្លងមកមានចំនួនពីររួមមាន ទី១ គឺការកំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈការចរចាស្វែងរកសន្តិភាព និងទី២ កំណែទម្រង់ខាងសេដ្ឋកិច្ច។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា មានកម្លាំងសង្កត់៣ ធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់ រួមមាន ទី១ ការមិនចុះសម្រុងគ្នានៅផ្ទៃក្នុងក្រោយពេលផ្តួលរំលំខ្មែរក្រហម ទី២ របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និងទី៣ ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី។

ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ២០ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចតេជោបានប្រសាសន៍ទៀតថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ថវិកាជាតិរយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២,៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១,៥៣៧ ប៊ីលានរៀល ។ សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និង គុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។ រឹតតែសំខាន់ជាងនេះសមិទ្ធផលទាំងអស់នេះ គឺជាកត្តារួមចំណែកដ៏ធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលមានការធ្លាក់ចុះជាលំដាប់។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាល ចុងក្រោយរបស់ខ្លួន បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត២០ឆ្នាំ ដែលសម្តេចធ្លាប់បានធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ចេញនូវដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់នេះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤។

អត្ថបទទាក់ទង