Close

Real Madrid បានត្រឹមស្មើ ក្រោមការដឹកនាំដំបូងរបស់គ្រូបង្វឹក Xabi Alonso

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន កីឡា
Real Madrid បានត្រឹមស្មើ ក្រោមការដឹកនាំដំបូងរបស់គ្រូបង្វឹក Xabi Alonso Real Madrid បានត្រឹមស្មើ ក្រោមការដឹកនាំដំបូងរបស់គ្រូបង្វឹក Xabi Alonso

ក្នុងការប្រកួតដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Xabi Alonso ក្រុមអធិរាជស Real Madrid បានត្រឹមស្មើ ១-១ ជាមួយក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីត ក្នុងជុំទីមួយ នៃពូល H ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ 2025 ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក។

នៅក្នុងការប្រកួតដំបូងក្នុងនាមជាគ្រូបង្វឹក Real Madrid គ្រូបង្វឹក Xabi Alonso ហាក់ធ្វើមិនសូវបានល្អឡើយ ខណៈខ្សែប្រយុទ្ធ Kylian Mbappe មិនមានវត្តមាននោះទេ។ ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Gonzalo Garcia បានចូលជំនួស និងបានស៊ុតបញ្ចូលទីមួយគ្រាប់ បន្ទាប់ពីការបញ្ជូនបាល់ដោយ Rodrygo Goes នៅនាទីទី ៣៤។

ប៉ុន្តែ ៦នាទីក្រោយមក ខ្សែការពារកណ្តាល Raul Asencio បានទាញខ្សែការពារ Marcos Leonardo នៅតំបន់ប៉េណាល់ទីរបស់ Real Madrid ធ្វើឱ្យអាជ្ញាកណ្តាលអាហ្សង់ទីន Facundo Tello ផ្តល់បាល់ពិន័យ ១១ម៉ែត្រ ទៅ Al Hilal ហើយខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Ruben Neves បានស៊ុតបាល់ប៉េណាល់ទី តាមស្មើ ១-១។

Real Madrid បានត្រឹមស្មើ ក្រោមការដឹកនាំដំបូងរបស់គ្រូបង្វឹក Xabi Alonso

លុះនៅនាទី៩០+ ទៅហើយ Real Madrid ទទួលបានបាល់ប៉េណាល់ទី បន្ទាប់ពីខ្សែបម្រើ Mohammed Al-Qahtani បានបង្កើតកំហុសក្នុងតំបន់ពិន័យរបស់ Al Hilal។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែបម្រើ Federico Valverde មិនអាចស៊ុតបញ្ជូលទីបានឡើយ ដោយត្រូវរារាំងពីអ្នកចាំទី Yassine Bono ។ ចប់ការប្រកួត Real Madrid ១-១ Al Hilal។

Al Hilal បច្ចុប្បន្ន ស្ថិតក្នុងចំណាត់ថ្នាក់ទី ៧៦ ក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខមួយ នៅអាស៊ី នេះបើយោងកេហទំព័រ Opta ។ Al Hilal ក៏ជាក្រុមល្អបំផុតនៅទ្វីបនេះដែរ ដោយបានឈ្នះពាន AFC Champions League ៤ដង។ ក្នុងការប្រកួតក្នុងស្រុក Al Hilal ក៏មានកំណត់ត្រាឈ្នះ Saudi Pro League ១៩ដង ផងដែរ។ Al Hilal ក៏មានកីឡាករជាច្រើន ដែលធ្លាប់លេងនៅអឺរ៉ុប ផងដែរ ដូចជា Bono, ខ្សែការពារកណ្តាល Kalidou Koulibaly, ខ្សែការពារ Joao Cancelo, ខ្សែបម្រើ Neves និង Sergej Milinkovic-Savic ជាដើម។

បើនិយាយពីតម្លៃកីឡាករក្រុមទាំងពីខុសគ្នាឆ្ងាយណាស់ ដោយ Real Madrid មានតម្លៃ ១.៥៣ ពាន់លានដុល្លារ ខណៈ Al Hilal មានត្រឹមតែ១៨១ លានដុល្លារ ប៉ុណ្ណោះ៕

Real Madrid បានត្រឹមស្មើ ក្រោមការដឹកនាំដំបូងរបស់គ្រូបង្វឹក Xabi Alonso