អត្តពលិកជាង ៥ពាន់នាក់ ចូលរួមរត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅចុងសប្ដាហ៍នេះ
យ៉ាងហោចណាស់ មានអត្ដពលិកជាតិ និងអន្ដរជាតិជាង ៥ពាន់នាក់ បានចុះឈ្មោះចូលរួមទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១៣ ដែលនឹងត្រូវធ្វើនៅថ្ងៃអាទិត្យ ទី១៥ មិថុនា ឆ្នាំ២០២៥ ដោយទីតាំងចាប់ផ្ដើម និងបញ្ចប់ទីនៅមុខសួនច្បារវត្ដបុទុម។
ទិវារត់ប្រណាំងនេះ បានបែងចែកជ័យលាភីតាមប្រភេទអាយុ សម្រាប់អ្នករត់លើវិញ្ញាសា ២១គីឡូម៉ែត្រ ជាលើកដំបូង ក្នុងទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១៣។ ទិវារត់ប្រណាំងនេះ មានអត្តពលិកជាង ៥ពាន់នាក់ លើសឆ្នាំមុន ហើយក្នុងចំណោមនោះ អត្ដពលិកកម្ពុជា មានចំនួនច្រើនជាងគេ តាមពីក្រោយដោយអ្នករត់ជនជាតិចិន ជប៉ុន និងបារាំង។ នេះ បើយោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
មែនទែនទៅ នេះជាលើកដំបូងហើយ ដែលគណៈកម្មាធិការម៉ារ៉ាតុងភ្នំពេញ បែងចែករង្វាន់ជ័យលាភីតាមប្រភេទអាយុ សម្រាប់វិញ្ញាសា ២១គីឡូម៉ែត្រ ក្នុងនោះមាន៖ អាយុ៣៥ ដល់ ៤៥, អាយុ៤៦ ដល់ ៥៥ និងអាយុចាប់ពី ៥៦ឆ្នាំឡើង។ ក្រៅពីនេះ គណៈកម្មាធិការ ក៏មានរៀបចំវិញ្ញាសារត់ផ្សេងទៀតផងដែរ ប៉ុន្ដែមិនបែងចែកអាយុឡើយ ដូចជាវិញ្ញាសារត់ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រ សម្រាប់កុមារ។
គួររំលឹកថា ទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១២ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៤ មានអ្នកចូលរួម ៤១១០នាក់។ ចំណែក ព្រឹត្តិការណ៍ជាលើកទី១៣ ទិវារត់ប្រណាំងនេះ មានអ្នកចូលរួម កើនឡើងជិត ១ពាន់នាក់។
គួរបញ្ជាក់ថា ទិវារត់ប្រណាំងនេះ ជារៀងរាល់ឆ្នាំ ត្រូវបានធ្វើនៅមុខព្រះបរមរាជវាំង។ ដោយឡែក ព្រឹត្តិការណ៍ជាលើកទី១៣នេះ នឹងត្រូវធ្វើនៅមុខសួនច្បារវត្តបុទុម។ បើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការប្ដូរទីតាំងនេះ គឺដោយសារទុកទីតាំងមុខព្រះបរមរាជវាំង សម្រាប់រៀបចំព្រឹត្តិការណ៍ជាតិធំៗ៕