ក្រសួងសេដ្ឋកិច្ចរៀបចំ “កម្មវិធីពិសេសជំរុញ និង គ្រប់គ្រងការវិនិយោគក្នុងវិស័យយានយន្ត និង ឧស្សាហកម្មគាំទ្រ នៅកម្ពុជា”

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំ ពិភាក្សាលើការរៀបចំ “កម្មវិធីពិសេសជំរុញ និង គ្រប់គ្រងការវិនិយោគក្នុងវិស័យយានយន្ត និង ឧស្សាហកម្មគាំទ្រ នៅកម្ពុជា” ។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០២៥ និងដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន។
អង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងផុសផុលលើវឌ្ឍនភាពការងារ និង វិធានការបឋមដែលបានរៀបចំ និង ធ្វើការសិក្សាលើធាតុចូលពីក្រសួងស្ថាប័ន និង អង្គភាពជំនាញ ដើម្បីរៀបចំកម្មវិធីពិសេស ឬ យុទ្ធសាស្ត្រ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មានចរិតប្រតិបត្តិ ព្រមទាំងមានភាពប្រទាក់ក្រឡា និង សង្គតិភាពជាមួយគោលនយោបាយពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលក្នុងវិស័យនេះ ដើម្បីឆ្លើយតបនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលមធ្យម និង វែង ក្នុងទិសដៅជំរុញការវិនិយោគ និង ជំរុញការតភ្ជាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត និង ឧស្សាហកម្មគាំទ្រ ជាពិសេស សហគ្រាសធុនតូច និង មធ្យមក្នុងស្រុក ។
កម្មវិធីពិសេសនេះ មានវិសាលភាពគ្របដណ្តប់លើឧស្សាហកម្មផ្គុំ និង ដំឡើងយានយន្តក្នុងស្រុក ទាំងប្រភេទយានយន្តប្រើប្រាស់ឥន្ធនៈ និង អគ្គិសនី ក៏ដូចជាឧស្សាហកម្មគាំទ្រដល់ឧស្សាហកម្មផ្គុំ និង ដំឡើងយានយន្តក្នុងស្រុក ដែលឆ្ពោះទៅចក្ខុវិស័យបម្រើដល់ការនាំចេញ ៕