ភ្នំពេញក្រោន ចេញសេចក្តីថ្លែងការណ៍អំពីការចាកចេញរបស់កីឡាករបរទេសទាំង ៥នាក់
នៅព្រឹកថ្ងៃ ចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលទើបតែលើកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ បានចេញសេចក្តីថ្លែងការណ៍អំពីការចាកចេញរបស់កីឡាករបរទេស ដែលជាកីឡាករស្នូលរបស់ក្លិប អស់រយៈពេល ៤ ឬ ៥ រដូវកាលមកហើយ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន៖
«ក្លិបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាសាធារណជន មេត្តាជា្របថា ក្រោយរដូវកាល២០២៤-២៥ ត្រូវបានបញ្ចប់ មានកីឡាករបរទេសមួយចំនួនបានសម្រេចចិត្តចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីកិច្ចសន្យារបស់ពួកគេក៏ត្រូវបានបញ្ចប់ដែរនោះ។
ជាការពិតណាស់ ពួកគេគឺជាកីឡាករស្នូលរបស់ភ្នំពេញក្រោនអស់រយៈពេល ៤ ឬ ៥ រដូវកាលមកហើយ ហេតុនេះ វាជាពេលវេលាដែលពួកគេបានសម្រេចចិត្តក្នុងការស្វែងរកឱកាសថ្មី និងបទពិសោធបាល់ទាត់ថ្មីសម្រាប់ខ្លួនឯង។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្លិបបានគោរពតាមការសម្រេចចិត្តរបស់ពួកគេក្នុងការស្វែងរកការប្រកួតប្រជែងថ្មីៗបន្ថែមទៀតក្នុងបរិបទរៀងៗខ្លួន ដោយហេតុថា នាពេលកន្លងមក ពួកគេបានលះបង់ពេលវេលាដ៏សំខាន់នៃអាជីពរបស់ខ្លួនជាមួយក្លិបភ្នំពេញក្រោន ព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការសាងភាពជោគជ័យ និងការរីកចម្រើនរបស់យើងទាំងក្នុង និងក្រៅទីលាន។
ជាការកត់សម្គាល់ ក្នុងអំឡុងពេលដែលពួកគេបានរួមរស់ជាមួយក្លិបភ្នំពេញក្រោន កីឡាករទាំងនេះបានបង្ហាញពីវិជ្ជាជីវៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តយ៉ាងជាប់លាប់។ ពួកគេជាតួអង្គសំខាន់ក្នុងការទទួលបានជ័យជម្នះដ៏គួរឱ្យចងចាំជាមួយនឹងការលេងដ៏អស្ចារ្យ និងជំរុញការអភិវឌ្ឍន៍ក្រុមរបស់យើង។
សមិទ្ធផលដែលពួកគេទទួលបានជាមួយក្លិប វានឹងក្លាយទៅជាកំណត់ត្រាដ៏ស្ថិតស្ថេរ និងយូរអង្វែងមួយហើយយើងនឹងចងចាំពួកគេជានិច្ចព្រោះពួកគេគឺជាសមាជិកដ៏សំខាន់នៃ «គ្រួសារភ្នំពេញក្រោន»។
យើងទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកីឡាករទាំងអស់ ព្រោះការរួមចំណែក ការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេគឺពិតជាមានតម្លៃណាស់សម្រាប់ពួកយើងហើយសូមជូនពរឱ្យពួកគេទទួលបានសំណាងល្អនាពេលអនាគតទាំងក្នុងអាជីពបាល់ទាត់ និងការងារផ្ទាល់ខ្លួន ជាពិសេស ភ្នំពេញក្រោននឹងនៅតែស្វាគមន៍ពួកគេជានិច្ច។
សម្រាប់អ្នកគាំទ្រដ៏គួរឱ្យគោរពរបស់យើង សូមបន្តរួមគ្នាជាមួយភ្នំពេញក្រោនដែលនឹងបន្តដំណើរទៅមុខទៀតប្រកបដោយភាពខ្លាំងក្លា ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការកសាងក្រុមដ៏រឹងមាំ និងមានការប្រកួតប្រជែងខ្ពស់។ ក្លិបនឹងបន្តវិនិយោគលើការពង្រឹងទេពកោសល្យ សមត្ថភាព ការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានកីឡាករ ស្របទៅតាមទស្សនវិស័យរបស់យើងដើម្បីធានាថា យើងបានត្រៀមខ្លួនបានល្អសម្រាប់បញ្ហាប្រឈម និងឱកាសថ្មីៗនៅរដូវកាលខាងមុខនេះ»។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេសជាច្រើន ដូចជា៖ Andres Nieto, Yudai Ogawa, Jelle Goselink, Ibeh Ofufu និងកីឡាករ Javier Gayoso ជាដើម៕