លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន បន្តឈរកំពូលតារាង ដោយមិនចាញ់សោះ គិតត្រឹម ១២ប្រកួត
ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំដោយលោក Oleg Strarynskyi នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបន្តឈរកំពូលតារាង ដោយមិនទាន់ស្គាល់បរាជ័យសោះ គិតត្រឹម ១២ប្រកួត នៅលីគកំពូលកម្ពុជា រដូវកាលនេះ។
កាលពីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទី ក្រុមសឹងក្រហមភ្នំពេញក្រោន បានយកឈ្នះ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៣ទល់នឹង១ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ១,០៤១នាក់ នាកីឡដ្ឋាន Smart RSN។
គួរបញ្ជាក់ថា ឆ្លងកាត់តាមរយៈការប្រកួតចំនួន ១២សប្ដាហ៍លើទីលាន ក្រុមបាល់ទាត់ភ្នំពេញក្រោន ឈ្នះ ១១ និងស្មើ១ មិនដែលចាញ់ មាន ៣៤ពិន្ទុ តាមពីក្រោយដោយ ក្រុមបាល់ទាត់វិសាខា មាន ២៦ពិន្ទុ ខណៈក្រុមការពារដំណែងជើងឯកព្រះខ័នរាជស្វាយរៀង ឈរលេខ៣ មាន ២២ពិន្ទុ សល់២ប្រកួតក្នុងដៃ(ទើបតែលេងបាន១០សប្ដាហ៍)។
គិតត្រឹមសប្ដាហ៍ទី១២នេះ គេសង្កេតឃើញថា ក្រុមបាល់ទាត់គីរីវង្សសុខសែនជ័យ ក្រោមការដឹកនាំរបស់គ្រូបង្វឹក សាប៊ូន វិនតា ជាក្រុមតែមួយគត់នៅលីគកំពូលកម្ពុជា ដែលមិនទាន់ស្គាល់ជ័យជំនះទាល់តែសោះ ដោយកំពុងឈរបាតតារាង ក្រោយចាញ់ ១១ និងស្មើ១ មាន ១ពិន្ទុគត់៕