អាជ្ញាធរថៃ ត្រួតពិនិត្យលេខទូរស័ព្ទចំនួន ៧០០,០០ របស់ជនបរទេស
បាងកក៖ តាមការចុះផ្សាយរបស់កាសែត Bankok Post ដោយស្រង់សំដីរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) បានឱ្យដឹងថា អាជ្ញាធរនៃប្រទេសនេះនឹងផ្ទៀងផ្ទាត់ឈ្មោះអតិថិជនជាជនបរទេសដែលកាន់លេខទូរស័ព្ទ ៧០០,០០០ មុននឹងសម្រេចចិត្តថាតើត្រូវបញ្ចប់សេវាធនាគារចល័តរបស់ពួកគេនៅក្នុងប្រទេសថៃនៅក្នុងខែមិថុនាឬយ៉ាងណា?។
លោក Prasert Jantararauangtong រដ្ឋមន្ត្រីក្រសួង DES បាននិយាយថា លេខទូរស័ព្ទត្រូវបានចុះឈ្មោះតាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ លេខទូរស័ព្ទប្រហែល ៧00,000 ដែលបានចុះឈ្មោះសម្រាប់ជនបរទេសនៅក្នុងប្រទេសថៃ រួមជាមួយនឹងលេខទូរស័ព្ទប្រហែល ១.៨ លានដែលមិនបានចុះឈ្មោះសម្រាប់នរណាម្នាក់នឹងត្រូវបានត្រួតពិនិត្យ។
បើតាមលោករដ្ឋមន្ត្រី រដ្ឋាភិបាលតម្រូវឱ្យឈ្មោះអ្នកប្រើប្រាស់សេវាធនាគារចល័ត និងឈ្មោះអ្នកជាវលេខទូរស័ព្ទដែលភ្ជាប់ជាមួយសេវាធនាគារចល័តឱ្យដូចគ្នាបេះបិទ ដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។ បើមិនដូច្នេះទេ សេវាធនាគារចល័តនឹងត្រូវបិទ។
វិធានការនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១ ខែកុម្ភៈ ហើយអ្នកប្រើប្រាស់សេវាធនាគារចល័តត្រូវបានតម្រូវឱ្យអនុវត្តតាមច្បាប់ត្រឹមថ្ងៃទី ៣០ ខែមេសា (ថ្ងៃពុធនេះ)។ បើមិនដូច្នេះទេ សេវាធនាគារចល័តនៅលើទូរស័ព្ទដែលបានចុះឈ្មោះមិនត្រឹមត្រូវនឹងត្រូវបិទនៅខែមិថុនា។
លោក Prasert បាននិយាយទៀតថា ធនាគារដែលពាក់ព័ន្ធនឹងជូនដំណឹងដល់អ្នកប្រើប្រាស់ទូរស័ព្ទបែបនេះ និងសុំឱ្យពួកគេកែតម្រូវទិន្នន័យចុះឈ្មោះរបស់ពួកគេស្របតាមថ្ងៃទី ៣០ ខែមេសា។ អ្នកដែលមិនបានទទួលបានសំណើបែបនេះពីធនាគាររបស់ពួកគេតាមរយៈសេវាធនាគារចល័តរបស់ពួកគេអាចបន្តប្រើប្រាស់សេវាកម្មដោយគ្មានបញ្ហា៕