គិតត្រឹមល្ងាចថ្ងៃនេះ! អ្នកគាំទ្រវៀតណាម ប្រមាណជាង២ម៉ឺននាក់ បានចុះឈ្មោះរួចរាល់ និងត្រៀមធ្វើដំណើរមកចូលរួមស៊ីហ្គេមនៅកម្ពុជា

ភ្នំពេញ៖ អ្នកគាំទ្រវៀតណាប្រមាណជាង ២ម៉ឺននាក់បានត្រៀមខ្លួន និងចុះឈ្មោះរួចរាល់ហើយ ដើម្បីចូលរួមទស្សនា និងគាំទ្រការប្រកួតកីឡាប្រទេសរបស់ពួកគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ Cambodia 2023។
យោងតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា ៖ «ភាគីវៀតណាម បានប្រាប់មកខ្ញុំថា គ្រាន់តែអ្នកចុះឈ្មោះ មកគាំទ្រកីឡាគ្រប់ប្រភេទរបស់វៀតណាម គឺរង្វង់ ២ម៉ឺននាក់ហើយពេលនេះ។ នេះគ្រាន់តែវៀតណាមផង ។ អ៊ីចឹងសណ្ឋាគារ ផ្ទះសំណាក់ យើងមានប៉ុន្មាន ដើម្បីទទួលភ្ញៀវ នោះគឺជាបញ្ហា នៃការទទួលភ្ញៀវទាក់ទងទៅនឹងកន្លែងសម្រាក កន្លែងហូបចុក នៅដល់បញ្ហារឿងសន្ដិសុខ រឿងសណ្ដាប់ធ្នាប់ ដែលជាកិច្ចការងារសំខាន់»។
លោកបានបន្ដថា គ្រាន់តែវៀតណាម ជាបណ្ដោះអាសន្នជាង ២ម៉ឺនទៅហើយ ស្របពេលស៊ីហ្គេម នៅសល់ជាង ៥០ថ្ងៃទៀត ។ ដូច្នេះអ្នកគាំទ្រវៀតណាម អាចនឹងមានសន្ទុះកាន់តែខ្លាំង ដែលត្រូវមកគាំទ្រកីឡាបាល់ទាត់ និងកីឡាផ្សេងៗរបស់ខ្លួន។ លើសពីនេះ បណ្ដាប្រទេសជិតខាង និងក្នុងតំបន់បានចាប់អារម្មណ៍មកកម្ពុជាដែរ។ ហេតុនេះ ឯកឧត្តមរំពឹងថា នឹងមានមនុស្សរាប់ម៉ឺន-សែននាក់ មកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។
គួរឲ្យដឹងថា បច្ចុប្បន្ន គណៈកម្មាធិការជាតិ CAMSOC កំពុងយកចិត្តទុកដាក់ និងធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជន ពិសេសសណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូកីឡា និងអ្នកគាំទ្របណ្ដាប្រទេសនីមួយៗ រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដើម្បីធានាបាននូវការទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងសុវត្ថិភាព ជូនប្រតិភូកីឡា និងភ្ញៀវជាតិ-អន្ដរជាតិទាំងអស់ ដែលត្រៀមមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាពេលដ៏ខ្លីខាងមុខ៕