Close

ថៃ ទំនងជាមិនទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា នោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ កីឡា
ថៃ ទំនងជាមិនទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា នោះទេ ថៃ ទំនងជាមិនទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា នោះទេ

អាជ្ញាធរកីឡាថៃ (SAT) នៅថ្ងៃអង្គារ ទី១៤ ខែមីនា នេះ បានលើកឡើងថា ថៃ ទំនងជាមិនទិញសិទ្ធិផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នោះទេ ប្រសិនបើម្ចាស់ផ្ទះកម្ពុជា មិនបញ្ចុះតម្លៃទិញសិទ្ធិផ្សាយផ្ទាល់។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត Siam Sports។

កាលពីពេលថ្មីៗនេះមានព័ត៌មានថា សិទ្ធិផ្សាយបន្តផ្ទាល់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ មានតម្លៃរហូតដល់ ៨០ ម៉ឺនដុល្លារអាមេរិក ឬប្រហែល ២៨ លានបាត ដែលធ្វើឲ្យខាងភាគីថៃ មានការថ្អូញថ្អែរ នឹងបានលើកឡើងថា តម្លៃនេះគឺវាខ្ពស់ហួសហេតុពេក ដូច្នេះពួកគេនឹងធ្វើការចចារ ដើម្បីបញ្ចុះតម្លៃខ្លះ។

ជុំវិញបញ្ហានេះ លោក Kongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ បាននិយាយថា៖«ប្រសិនបើម្ចាស់ផ្ទះកម្ពុជា  មិនបញ្ចុះតម្លៃទេនោះ ទំនងជាអ្នកគាំទ្រថៃ មិនអាចមើលកីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខ តាមកញ្ចក់ទូរទស្សន៍បានឡើយ»។

លោកបន្តថា ៖ «នៅពេលនេះ យើងកំពុងពិភាក្សាជាមួយគណៈកម្មាធិការអូឡាំពិកថៃ។ តម្លៃបែបនេះត្រូវចុះមកម្តងទៀត ដើម្បីឲ្យសមស្រប។ ប៉ុន្តែជាមួយនឹងការកើនឡើងនៃសួយសារបែបនេះ SAT គ្មានថវិកា ហើយមិនយល់ស្របនឹងតម្លៃនោះទេ»។

លោក Kongsak Yodmanee បានសង្កត់ធ្ងន់ថា SAT នឹងពិចារណាទិញសិទ្ធិចាក់ផ្សាយ SEA Games 32 ជាកញ្ចប់តូច ដែលមានតម្លៃថោកជាងនេះ។ វាត្រូវបានគេដឹងថា កញ្ចប់នេះតូចនេះ មានការផ្សាយតែ៣ប្រភេទកីឡាតែប៉ុណ្ណោះ ខណៈកញ្ចប់ធំ មានការផ្សាយកីឡាសរុបចំនួន១៦។

គួររម្លឹកថា កន្លងមក ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ធ្លាប់បានបញ្ជាក់ថា កម្ពុជា មិនមែនជាអ្នកកំណត់តម្លៃលើសិទ្ធិផ្សាយផ្ទាល់នោះទេ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវរៀបចំចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទទាក់ទង