ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង
សៀមរាប៖ គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ (ខែមីនា ឆ្នាំ២០២៤-ខែមីនា ឆ្នាំ២០២៥) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ បានចាប់ដៃសហការជាមួយក្រុមហ៊ុនសិប្បករអង្គរ ស្ដារឡើងវិញចម្ការដើមមន និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់សិប្បកម្មតម្បាញរបស់ក្រុមហ៊ុន។
ជាលទ្ធផល កិច្ចសហការយ៉ាងជាប់លាប់រវាងក្រសួងនិងក្រុមហ៊ុន បានជួយឱ្យសិប្បកម្មតម្បាញសូត្រអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ នៅចុងខែសីហា ឆ្នាំ២០២៤ ពោលគឺក្នុងរយៈពេលតែ ៥ខែប៉ុណ្ណោះ។
តាមរយៈអនុសាសន៍ណែនាំពីសំណាក់លោក រដ្ឋមន្ដ្រី ឌិត ទីណា បើទោះបីជាក្រុមហ៊ុនអាចដំណើរការឡើងវិញបានទាំងស្រុងហើយក៏ដោយ ក្រុមការងារដឹកនាំដោយលោកស្រីអនុរដ្ឋលេខាធិការ អ៊ឹម រចនា កំពុងបន្តធ្វើការយ៉ាងជាប់លាប់ជាមួយក្រុមហ៊ុន ដោយបានផ្ដល់ដើមមន និងពងដង្កូវនាង ព្រមទាំងបច្ចេកទេសចាំបាច់នានា ធ្វើយ៉ាងណារក្សាឱ្យបាននូវដំណើរកសារខ្សែច្រវាក់ផលិតកម្មសូត្រខ្មែរ ដែលជាមរត៌កវប្បធម៌អរូបីរបស់ជាតិ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចម្ការមន និងសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនសិប្បករអង្គរ នាចុងខែមីនា ឆ្នាំ២០២៥នេះ លោកស្រី អ៊ឹម រចនា បានរំឭកឡើងវិញនូវប្រសាសន៍របស់លោករដ្ឋមន្ដ្រី ឌិត ទីណា ដែលបានលើកឡើងថា ការស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករ និងចូលរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់មួយរបស់ខ្មែរឱ្យបានគង់វង្សយូរអង្វែង។
បើតាមលោកស្រី អ៊ឹម រចនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ទៅតាមលទ្ធភាព លើផ្នែកដាំដុះដើមមន និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។
ការស្រាវជ្រាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រកឃើញថា សូត្រខ្មែរមានប្រវត្តិយូរអង្វែងណាស់ ហើយទំនងជាបានចាប់កំណើតតាំងពីសម័យបុរេប្រវត្តិ តាមរយៈការរកឃើញភស្ដុតាងមួយចំនួន នៅស្ថានីយសំរោងសែន ក្នុងខេត្តកំពង់ឆ្នាំង និងស្ថានីយម្លូព្រៃ ក្នុងខេត្តព្រះវិហារ គឺតាំងពីមុនខ្មែរ ទទួលឥទ្ធិពលពីឥណ្ឌាទៅទៀត។
កាលសម័យនោះ គេត្បាញសូត្រ ដើម្បីស្លៀកពាក់ក្នុងកុលសម្ព័ន្ធ ក្នុងក្រុម ឬក្នុងសហគមន៍ ដែលរស់នៅតាមតំបន់ភ្នំ ឬតំបន់ខ្ពង់រាប។ លុះមកដល់សម័យដែលខ្មែរមានស្តេចគ្រងរាជ្យ គេបែងចែកសម្លៀកបំពាក់ដែលត្បាញពីសូត្រតាមលំដាប់ តាំងពីប្រជាជនធម្មតា រហូតដល់ព្រះមហាក្សត្រ ដោយកំណត់តាមពណ៌ និងក្បាច់ផ្កា។ ប្រជាជនចាប់ផ្ដើមចិញ្ចឹមនាង ដាំមនជាដើម ដែលធ្វើឱ្យសូត្រខ្មែរកាន់តែល្បី ហើយឥណ្ឌា និងចិនចេញចូលខ្មែរច្រើន ដើម្បីធ្វើជំនួញ៕