ក្រុមហ៊ុន Santana ចុះកិច្ចសន្យាទិញស្វាយចន្ទីសើម ៣០០តោន ពីសហគមន៍ចំនួន ៣
កំពង់ធំ៖ ក្រុមហ៊ុន Santana Agro Products បានចុះកិច្ចសន្យាទិញស្វាយចន្ទីសើមចំនួន ៣០០តោន» ជាផ្លូវការពីសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ គឺសហគមន៍ប្រាសាទសំបូររុងរឿង សហគមន៍សាលាវិស័យ និងសហគមន៍ទំរីងកំពង់ធំ។
ពិធីចុះហត្ថលេខាធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ- ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ។
នៅចំពោះមុខអង្គពិធី លោក ឃឹម ហ្វីណង់ បញ្ជាក់ថា បើបូករួមជាមួយនឹងកិច្ចសន្យាដែលទើបបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន MIRARTH កាលពីពេលថ្មីៗនេះ សហគមន៍មានកិច្ចសន្យាសរុបនៅក្នុងដៃទំហំជាង១លានដុល្លារ រួចជាស្រេចទៅហើយ។
លោកលើកឡើងទៀតថា សមាជិកទាំងអស់មិនចាំបាច់ព្រួយបារម្ភពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រមូលផលឆ្នាំនេះនោះទេ។ ចំណែកឯគ្រាប់ស្វាយចន្ទីដែលនៅសេសសល់ អាចនឹងត្រូវបានប្រមូលសម្ងួត ដើម្បីទុកលក់ស្ងួតនៅពេលក្រោយ។
សូមបញ្ជាក់ថាតាមការប៉ាន់ស្មាន កិច្ចសន្យាលើកនេះមានទំហំគិតជាសាច់ប្រាក់ប្រហែល៤០ម៉ឺនដុល្លារ ដោយសហគមន៍ត្រូវផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង និងអាស្រ័យលើគុណភាពគ្រាប់ស្វាយចន្ទី។ ក្រុមហ៊ុននឹងផ្តល់ជូន១០០៛/គីឡូក្រាម បន្ថែមពីលើតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន។
ជាក់ស្តែង ក្រុមហ៊ុនអាចផ្តល់ជូនដល់សហគមន៍ក្នុងថ្ងៃទី៣០ ខែមីនានេះ តម្លៃ៥៩០០៛/គីឡូក្រាម សម្រាប់គ្រាប់ស្វាយចន្ទីសើម ដែលមានកម្រិតភាគរយសាច់២៨%៕