រដ្ឋមន្ត្រីទេសចរណ៍ត្រៀមរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានៅខ្នងផ្សារ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ត្រៀម រៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើនដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។
ផែនការនេះត្រូវបានដាក់ចេញរបស់ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ នេះ ក្រោយពិនិត្យវឌ្ឍនភាពការងារនៅរមណីយដ្ឋាន «ទេ ទឹកពុះ» និង បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្រសួងទេសចរណ៍បញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង ដោយមានការចូលរួមពីតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមមានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុនវីរៈប៊ុនថាំ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលជាតំបន់ព្រៃភ្នំដ៏ធំមួយ និងជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើនដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន»។
សូមជម្រាបជូនថារមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ ជាតំបន់ធម្មជាតិដ៏កម្រមួយនៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយថ្ងៃអស្តង្គតនាពេលល្ងាចបាន ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ៕