តោះ! មកស្គាល់កីឡាករអារូបាម្នាក់ ដែលបានផ្លាស់ប្ដូរក្រុមជម្រើសជាតិ
ក្រុមជម្រើសជាតិអារូបា ដែលហោះមកពីដែនកោះក្នុងទ្វីបអាមេរិកខាងត្បូង នឹងប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ វេម៉ោង ៧:០០នាទីយប់ នាកីឡដ្ឋានជាតិអូឡាំពិក។
យ៉ាងណា មុនការប្រកួតមកដល់ល្ងាចនេះ យើងសូមណែនាំអ្នកគាំទ្រទាំងអស់គ្នា មកស្គាល់កីឡាករអារូបាម្នាក់ ដែលបានផ្លាស់ប្ដូរក្រុមជម្រើសជាតិ។ នោះគឺកីឡាករ 𝗕𝗿𝗮𝗱𝗹𝗲𝘆 𝗠𝗮𝗿𝘁𝗶𝘀 ដែលដើមឡើយ រូបគេលេងឱ្យជម្រើសជាតិគូរ៉ាកាវ (𝗖𝘂𝗿𝗮ç𝗮𝗼) ដែល បង្ហាញខ្លួនក្នុងប្រកួតផ្លូវការបាន ៣ប្រកួត (ក្រៅផ្លូវការ ៣ប្រកួតផងដែរ) នៅចន្លោះឆ្នាំ ២០១៨-២០២៣ ប៉ុន្តែទើបតែឆ្នាំ២០២៥ នេះ គេបានផ្លាស់មកលេងឱ្យជម្រើសជាតិអារូបាវិញ ហើយបានបង្ហាញក្នុងការប្រកួតជាមួយវិសាខា ប៉ុន្មានថ្ងៃមុនផងដែរ មុននឹងត្រៀមបង្ហាញខ្លួនផ្លូវការពេលជួបកម្ពុជា ល្ងាចនេះ។
កីឡាករ 𝗕𝗿𝗮𝗱𝗹𝗲𝘆 𝗠𝗮𝗿𝘁𝗶𝘀 មានវ័យ ២៦ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លិប 𝗜𝗝𝘀𝘀𝗲𝗹𝗺𝗲𝗲𝗿𝘃𝗼𝗴𝗲𝗹𝘀 នៃលីគលំដាប់ទី៤ ហូឡង់ ខណៈរូបគេធ្លាប់លេងនៅលីគទី២ ហូឡង់ ក្នុងរដូវកាល ២០១៨-១៩ ជាមួយក្លិប Sparta Rotterdam ដែលបច្ចុប្បន្ន ក្លិបនេះស្ថិតនៅលីគកំពូលហូឡង់
គូរបញ្ជាក់ថា ករណីរបស់កីឡាករខាងលើ ដែលប្ដូរសញ្ជាតិបាន ទោះធ្លាប់លេងឱ្យជម្រើសជាតិមួយផ្សេងទៀត ដោយសារគេបានលេងក្នុងការប្រកួតផ្លូវការចំនួន ៣លើក ឬតិចជាងនេះ ។
គួររំលឹកថា នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិលើកទី២ របស់ក្រុមជម្រើសជាតិអារូបា បន្ទាប់ពីប្រកួតដំបូង កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ក្រុមជម្រើសជាតិអារូបា បានរងបរាជ័យក្រោមថ្វីជើងក្រុមសមាជិកលីគកំពូលកម្ពុជា វិសាខា ក្នុងលទ្ធផល ៣-១ ផងដែរ ៕