Close

សម្តេចក្រឡាហោម ស ខេង ៖ តួនាទីស្រ្តីក្នុងការអភិវឌ្ឍន៍គ្រប់វិស័យពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ៖ តួនាទីស្រ្តីក្នុងការអភិវឌ្ឍន៍គ្រប់វិស័យពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន សម្តេចក្រឡាហោម ស ខេង ៖ តួនាទីស្រ្តីក្នុងការអភិវឌ្ឍន៍គ្រប់វិស័យពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា តួនាទីស្រ្តីក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ហើយស្រ្តីមានភាពអំណត់ អត់ធ្មត់ មុះមុតក្នុងការងារ គោរពការចាត់តាំង និងមានវិន័យល្អ។

ក្រសួងមហាផ្ទៃ នារសៀលថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យ ឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អង្គភាពពាក់ព័ន្ធ និងមន្រ្តីរាជការជានារី ក្រោមចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងដាស់តឿនក្រើនរំលឹកជាប្រចាំ អំពីសារៈសំខាន់នៃសមភាពយេនឌ័រ ដោយលើកពាក្យស្លោកថា “ជួយស្រ្តី គឺជួយខ្លួនឯង” និងបានដាក់បញ្ចូលយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមយុទ្ធសាស្រ្តដទៃទៀត នៃគោលនយោបាយជាតិ ចតុកោណ គោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព គោលនយោបាយអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងច្បាប់ និងបទដ្ឋាននានាដែលត្រូវបានបង្កើតឡើង ដើម្បីកំណែទម្រង់ជាតិគ្រប់វិស័យ។

សម្តេចក្រឡាហោម បានបន្តថា សមភាពយេនឌ័រ កើតឡើងបាន គឺចេញពីការគោរព ឱ្យតម្លៃ និងទទួលស្គាល់នូវចំណុចល្អ និងចំណុចខ្វះខាត ដែលកើតមានលើខ្លួនឯង និងអ្នកជុំវិញខ្លួន ទាំងបុរស និងស្រ្តី ទាំងដៃគូក្នុងគ្រួសារ ទាំងអ្នករួមអាជីពការងារ និងជួយកែលម្អគ្នាទៅវិញទៅមក ហើយហ៊ានទទួលយក និងខិតខំលុបបំបាត់នូវចំណុចខ្វះខាតទាំងនោះ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ដោយគ្មានការរើសអើង។

លើសពីនេះ សម្តេចក្រឡាហោម បានបន្ថែមថា ក្រសួងមហាផ្ទៃ បានខិតខំធ្វើឱ្យប្រសើរឡើងនូវសមធម៌យេនឌ័រ និងបរិយាប័ន្ន ដោយព្យាយាមដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាពដែលឆ្លើយតបទៅនឹងការផ្តល់ឱកាស និងផលប្រយោជន៍ដល់នារី និងបុរស ប្រកបដោយសមធម៌ ទាំងនៅក្នុងជួរមន្រ្តីរាជការ និងកងកម្លាំងក្រោមឱវាទ គ្រប់កម្រិត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា តួនាទីស្រ្តីក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ដោយសម្តេចបាន លើកឡើងថា ស្រ្តីមានភាពអំណត់ អត់ធ្មត់ មុះមុតក្នុងការងារ គោរពការចាត់តាំង និងមានវិន័យល្អ។ លើសពីនេះ ស្រ្តីត្រូវរ៉ាប់រងបន្ទុកគ្រួសារ និងមានការទទួលខុសត្រូវជាច្រើនទៀត បន្ថែមលើការងារក្នុងអង្គភាព។

ក្នុងន័យនេះ សម្តេចក្រឡាហោម បានលើកឡើងបន្ថែមថា ស្រ្តីគួរត្រូវបានទទួលការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសឱ្យកាន់មុខតំណែងសំខាន់ៗ បន្ថែមទៀត រួមទាំងតួនាទីជាអភិបាលខេត្ត ស្រុក ក្រុង ខណ្ឌ និងជាបេក្ខជនតំណាងរាស្រ្ត និងចូលរួមវិស័យនយោបាយនៅមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម ក៏បានណែនាំដល់ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ឱ្យព្យាយាមផ្តល់ឱកាស និងទទួលស្គាល់នូវគុណសម្បត្តិរបស់មន្រ្តីជាស្រ្តី ដើម្បីពិនិត្យលទ្ធភាពចាត់តាំងឱ្យបានសមស្រប៕

អត្ថបទទាក់ទង