ពន្ធលើចំណេញមូលធននឹងដាក់ឱ្យអនុវត្តនៅដើមឆ្នាំ ២០២៤ ខាងមុខនេះ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានបន្តផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងពន្ធលើចំណេញមូលធន ដល់វិស័យសាធារណៈ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈអនុវត្តការប្រមូលពន្ធលើចំណេញមូលធននេះ ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
ការលើកឡើងដូច្នេះត្រូវបានលើកឡើង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលអគ្គនាយកដ្ឋានពន្ធដារបានរៀបចំសិក្ខាសាលាស្តីពី “ពន្ធលើចំណេញមូលធន” ក្រោមអធិបតីភាពរបស់បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ បាននិងបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ការធ្វើបច្ចុប្បន្នភាពច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងពន្ធលើចំណេញមូលធន ដល់វិស័យសាធារណៈ វិស័យឯកជន និងភាគីពាក់ព័ន្ធ ព្រមទាំងបានបំពេញការងារយ៉ាងសកម្ម និងបុរសកម្ម ដើម្បីត្រៀមលក្ខណៈអនុវត្តការប្រមូលពន្ធលើចំណេញមូលធននេះ។
លោកបានថ្លែងបន្តថា សិក្ខាសាលានាពេលនេះរៀបចំឡើង ដើម្បី ១, ធ្វើការផ្សព្វផ្សាយប្រកាសលេខ ២២៨ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីពន្ធលើចំណេញមូលធន និងកិច្ចដំណើរការនៃការប្រមូលពន្ធនេះ ២, អនុវត្តនូវផែនការសកម្មភាព ដែលមានចែងនៅក្នុងកម្មវិធីគ្រប់គ្រងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ៣, ជាការពង្រឹង និងបង្កើនចំណេះដឹងទាំងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងពន្ធលើចំណេញមូលធន ទាំងកិច្ចដំណើរការនៃការប្រមូលពន្ធលើចំណេញមូលធនដល់ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ ជាពិសេស នៅថ្នាក់សាខាពន្ធដារខេត្ត-ខណ្ឌ ដើម្បីស្រូបយកនូវពុទ្ធិទាំងនេះទៅបន្តចែករំលែក និងផ្សព្វផ្សាយដល់វិស័យ សាធារណៈ វិស័យឯកជន និងភាគីពាក់ព័ន្ធនៅតាមមូលដ្ឋានរៀងខ្លួននីមួយៗ ប្រយោជន៍បញ្ជ្រាបនូវកាតព្វកិច្ចពន្ធលើ ចំណេញមូលធនឱ្យបានទូលំទូលាយ។
លោកបានថ្លែងដូច្នេះថា ជាទូទៅកាលណាយើងមានការអប់រំ និងការយល់ដឹងបានជ្រៅជ្រះ យើងអាចប្រើប្រាស់ចំណេះដឹងនោះ សម្រាប់សម្រេចកិច្ចការពាក់ព័ន្ធបានសមស្របល្អ ដូចប្រសាសន៍ដ៏ល្បីល្បាញ និងមានការទទួល ស្គាល់ជាទូទៅមួយបានពោលថា “ការអប់រំ គឺជាអាវុធដ៏មានឥទ្ធិពលបំផុត ដែលអ្នកអាចប្រើសម្រាប់ធ្វើការផ្លាស់ប្ដូរពិភពលោក” (Education is the most powerful weapon which you can use to change the world)។
លោកបណ្ឌិត កែន សម្បត្តិ បានលើកឡើងថា ការរៀបចំបទប្បញ្ញត្តិស្តីពីពន្ធលើចំណេញមូលធន គឺត្រូវបានធ្វើ ឡើងដោយផ្អែកលើបរិបទផ្ទាល់របស់កម្ពុជា ដោយមានការដកស្រង់បទពិសោធន៍ការអនុវត្តរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍មួយចំនួន មានដូចជា ប្រទេសម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និង ស៊ុយអ៊ែត ព្រមទាំងមានការពិគ្រោះពិភាក្សាយោបល់ជាមួយវិស័យឯកជន ដែលជាក្រុមហ៊ុន Big 4 (Deloitte, Ernst & Young, KPMG and PwC) ផងដែរ។
ប្រកាសលេខ ២២៨ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្ដីពីពន្ធលើចំណេញមូលធននេះ មានវិសាលភាពកំណត់ការយកពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរមូលធន ៦ ប្រភេទ រួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយប័ណ្ណបរទេស ក្នុងអត្រា ២០%។ ពន្ធលើចំណេញមូលធននេះ ប្រមូលលើចំណេញមូលធន ដែលសម្រេចបាននៅពេលមានប្រតិបត្តិការលក់ ឬផ្ទេរមូលធន ដែលមានប្រាក់ចំណេញប៉ុណ្ណោះ។ បើមិនមានប្រាក់ចំណេញទេ នឹងមិនមានកាតព្វកិច្ចបង់ពន្ធនេះទេ។ ការគណនាពន្ធនេះគឺយកប្រាក់ចំណេញពីការលក់ឬផ្ទេរមូលធនគុណនឹងអត្រាពន្ធ២០%។
សូមបញ្ជាក់ផងដែរថា ចំពោះមូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យមានសិទ្ធិក្នុងការជ្រើសរើសវិធីសាស្រ្តកាត់កងចំណាយណាមួយក្នុងចំណោម ១. វិធីសាស្រ្តកាត់កង ចំណាយតាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរអចលនទ្រព្យ ២. វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្ដែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង។
លើសពីនេះ ពន្ធលើចំណេញមូលធនពីការលក់ឬផ្ទេរអចលនទ្រព្យនេះ មិនមែនជាការយកពន្ធត្រួតគ្នាពីរដង គឺពន្ធលើចំណេញមូលធនផង និងពន្ធប្រថាប់ត្រាផងជាន់គ្នាទៅលើអ្នកជាប់ពន្ធតែម្នាក់នោះទេ ដោយមូលហេតុ ពន្ធទាំងពីរប្រភេទនេះផ្សេងពីគ្នា ហើយតម្រូវឱ្យអ្នកជាប់ពន្ធពីរនាក់ផ្សេងគ្នាជាអ្នកបង់។ ពន្ធប្រថាប់ត្រាលើការលក់ ឬផ្ទេរអចលនទ្រព្យ អ្នកទទួលសិទ្ធិលើអចលនទ្រព្យ (អ្នកទិញ) មានលទ្ធភាពក្នុងការទិញអចលនទ្រព្យ ជាអ្នកបង់ និងពន្ធ លើចំណេញមូលធនពីការលក់ឬផ្ទេរអចលនទ្រព្យ អ្នកផ្ទេរសិទ្ធិអចលនទ្រព្យ (អ្នកលក់) នៅពេលបានប្រាក់ចំណេញជាអ្នកបង់។
ជាមួយនេះ ពន្ធលើចំណេញមូលធនត្រូវបានលើកលែងចំពោះការលក់ឬផ្ទេរមូលធនមួយចំនួន រួមមាន ១. ដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាស័យដ្ឋានរស់នៅស្ថិតនៅក្នុងឃុំ/សង្កាត់ដែលដីកសិកម្មនោះស្ថិតនៅ ២. និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច ៥ ឆ្នាំនៅពេលលក់ឬផ្ទេរ។
ក្នុងករណី អ្នកជាប់ពន្ធមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធ និងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម ៣. អចលនទ្រព្យក្នុងរង្វង់ញាតិដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយតាក្មេក និងចៅប្រសារ ៤. ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ ៥. ទ្រព្យដែលជាកម្មសិទ្ធិរបស់បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃ ៦. ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈស្របតាមច្បាប់ស្ដីពីអស្សាមិករណ៍។
គួរបញ្ចាក់ផងដែរថា ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះទេ ពន្ធនេះត្រូវកំណត់ឡើងដោយ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧ (មាត្រា ៧ថ្មី) និងត្រូវបានធ្វើវិសោធនកម្មបន្ថែមទៅជាមាត្រា ៧ ថ្មី (មួយ) ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ ហើយរហូតមកដល់ពេលនេះមានរយៈពេលប្រមាណជាង ១៦ ឆ្នាំ។ ដោយឡែក ចំពោះនីតិបុគ្គល ពន្ធលើចំណេញមូលធននេះត្រូវបានអនុវត្តតាំងពីពន្ធរបបស្វ័យប្រកាសត្រូវបានអនុវត្តនៅកម្ពុជានៅឆ្នាំ១៩៩៤។ បើនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ពន្ធលើចំណេញមូលធននេះត្រូវបានចាប់ផ្ដើម អនុវត្តពន្ធលើចំណេញមូលធននេះតាំងពីឆ្នាំ ១៩៦០ គឺ ៧ ឆ្នាំ បន្ទាប់សង្គ្រាមឧបទ្វីបកូរ៉េ (១៩៥០-១៩៥៣) ត្រូវបានបញ្ចប់។
ជាមួយនេះ លោកបណ្ឌិតអគ្គនាយករង បានលើកឡើងថា រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល លើកិច្ចការគ្រប់គ្រងនិងប្រមូលចំណូលពន្ធ ផ្ទៃក្នុងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលដោយបានធ្វើកំណែទម្រង់ វិស័យពន្ធដារប្រកបដោយជោគជ័យ ជាពិសេស ការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការ វិវត្តន៍នៃសង្គម សេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលបដិវត្តឧស្សាហកម្មទី៤ ហើយពង្រឹងបាននូវអភិបាលកិច្ច និងរដ្ឋបាលកិច្ចពន្ធដារ។
ជាក់ស្ដែង អគ្គនាយកដ្ឋានបានធ្វើឱ្យប្រសើរឡើងនូវមុខងារស្នូលទាំងប្រាំ រួមមាន ការចុះបញ្ជីពន្ធដារ ការដាក់ លិខិតប្រកាសសារពើពន្ធ ការផ្តល់សេវាពន្ធដារ ការធ្វើសវនកម្ម និងការគ្រប់គ្រងទារបំណុលពន្ធនិងដោះស្រាយបណ្ដឹងតវ៉ា និងមុខងារគាំទ្រពីរ គឺការរៀបចំកែសម្រួលរចនាសម្ព័ន្ធឱ្យបានសមស្របនិងការពង្រឹងនិងបង្កើនសមត្ថភាពមន្ត្រីរាជការ ពន្ធដារ និងការអភិវឌ្ឍ និងដាក់ចេញឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជា E-VAT, E-Filing, E-Payment, GDT-Live chat, E-Registration, E-Tax Service ជាដើម និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន (Application) ជាច្រើនទៀតសំដៅគ្រប់គ្រងទិន្នន័យពន្ធដារ ឱ្យបានគត់មត់និងផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ ឆាប់រហ័ស មាន តម្លាភាព គណនេយ្យភាព និងភាពងាយស្រួលក្នុងការបង់ពន្ធ។
កិច្ចខិតខំធ្វើកំណែទម្រង់វិស័យពន្ធដារខាងលើនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រេចបានលទ្ធផលល្អ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដោយសម្រេចបានលើសផែនការឆ្នាំជាប្រចាំ ហើយមានឆ្នាំភាគច្រើនលើសផែនការរហូតដល់ពីរខ្ទង់ (Two Digit)។ ជាក់ស្ដែងនៅ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រេចបានលើសផែនការខ្ពស់រហូតដល់ចំនួន ២២,៥៤% បើទោះបីជាសេដ្ឋកិច្ចកម្ពុជាបានរងនូវវិបត្តិនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោកបណ្ដាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិនៃជំងឺកូវីដ-១៩ នៅបន្តមានឡើយ៕