សហគមន៍រទេះគោព្រះដាក់ចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំ
សៀមរាប៖ សហគមន៍រទេះគោខ្មែរព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន បានចាប់ផ្ដើមរៀបចំដំណើរការដឹកភ្ញៀវទេសចរឡើងវិញ ដើម្បីបន្តថែរក្សាប្រពៃណីវប្បធម៌យានជំនះខ្មែរមួយនេះ ឱ្យបានគង់វង្ស និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ដតាមតំបន់ជនបទ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំដោយសារជំងឺកូវីដ-១៩។
លោក មុត យសសា តំណាងសហគមន៍រទេះគោខ្មែរព្រះដាក់ បានឱ្យដឹងថា ការជិះរទេះគោខ្មែរកម្សាន្ដនេះ កំពុងពេញនិយម និងបានជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលឃុំព្រះដាក់ ជាតំបន់ទេសចរណ៍ដ៏មានសក្កានុពលបន្ទាប់ពីប្រាសាទអង្គរ។
ចំពោះការបើកដំណើរវិញនេះដែរ ដើម្បីឱ្យអ្នកទេសចរ បានទស្សនាតាមភូមិ តាមវាលស្រែ ព្រមទាំងក្នុងគោលបំណងថែរក្សារទេះគោខ្មែរដែលមានតាំងពីដូនតាឱ្យគង់វង្ស ខណៈបច្ចុប្បន្នវប្បធម៌ប្រពៃណីមួយនេះ ហាក់កំពុងបាត់បង់បន្តិចម្ដងៗ។
លោក មុត យសសា បន្តថា ការជិះរទេះគោ មិនត្រឹមតែបានមើលទេសភាពលំហែតាមវាលស្រែ ព្រៃប្រឹក្សាប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏បានឃើញពីទិដ្ឋភាពរស់នៅរបស់ប្រជាពលរដ្ឋនៅព្រះដាក់ និងទស្សនារមណីយដ្ឋានអង្គរថែមទៀតផង។ ជាមួយគ្នានោះ អ្នកទេសចរក៏អាចទទួលទាននំខ្មែរ ដែលផលិតឡើងដោយប្រជាពលរដ្ឋនៅឃុំព្រះដាក់ផ្ទាល់ថែមផងដែរ។
លោក ភិន ថោង មេឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានលើកឡើងថា ការដឹកភ្ញៀវទេសចរកម្សាន្តតាមការជិះរទេះគោ ក្របី បានផ្តល់ឱកាសការងារ និងផ្ដល់ចំណូលដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រីផងដែរ។ ការបើកដំណើរការសហគមន៍រទេះគោខ្មែរនេះដែរ ក៏ជាការចូលរួមថែរក្សារទេះគោខ្មែរ ដែលកំពុងប្រឈមនឹងការបាត់បង់ ខណៈដែលប្រទេសជាតិកំពុងអភិវឌ្ឍជឿនលឿនដោយប្រើគ្រឿងយន្ដជំនួស។ ភូមិព្រះដាក់ ក៏ដូចជាប្រជាជន បានរក្សានូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌ខ្មែរល្អផូរផង់។
ក្រៅពីនេះភូមិព្រះដាក់ ជាភូមិបុរាណ ដោយការរៀបចំមានរចនាបថបែបខ្មែរបុរាណសុទ្ធសាធ ដូចជាសង់ផ្ទះខ្ពស់ពីដី ដាំផ្កាលម្អ ប្រជាជនរស់នៅប្រមូលផ្ដុំគ្នាតាមមាត់ផ្លូវ និងមានវាលស្រែចម្ការ៕