Close

លោក ម៉ា វិចិត្រ ៖ ខេត្តរតនគីរី មានអំណោយផលល្អក្នុងវិស័យកសិកម្ម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
លោក ម៉ា វិចិត្រ ៖ ខេត្តរតនគីរី មានអំណោយផលល្អក្នុងវិស័យកសិកម្ម លោក ម៉ា វិចិត្រ ៖ ខេត្តរតនគីរី មានអំណោយផលល្អក្នុងវិស័យកសិកម្ម

រតនគិរី៖ លោក ម៉ា វិចិត្រ អភិបាលខេត្តស្តីទី នៃគណ:អភិបាលខេត្តរតនគិរីបានលើកឡើងថា ស្ថានភាពភូមិសាស្ត្រខេត្តរតនគីរី មានអំណោយផលល្អក្នុងវិស័យកសិកម្ម គួបផ្សំជាមួយប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មជាចម្បងជាច្រើនប្រភេទ
មានការដាំដុះដំណាំកសិឧស្សាហកម្មជាដើម ។

លោក ម៉ា វិចិត្រ បានលើកឡើងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំដោយលោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះ លោក ម៉ា វិចិត្រ បញ្ជាក់ថាដំណាំស្វាយចន្ទីសរុបចំនួន ៩៨.៤៣៦ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៩៧.២៥៨ហិកតា សរុបបរិមាណផល ១២៤.៥៩៣តោន (ទិន្នផល១,២៨តោន/ហិកតា) ម្រេច ចំនួន ៥២៤ហិកតា ផ្ទៃដីប្រមូលផល ៥២១ហិកតា (ទិន្នផល២,១៥តោន/ហិកតា) ទុរេន ៧៤១ហិកតា និងកាហ្វេ ចំនួន ៥,៥០ហិកតា ផ្ទៃដីប្រមូលផល ៥,៥ហិកតា (ទិន្នផល ២តោន/ហិកតា) ដាំកៅស៊ូចំនួន ២៤.០៣២ហិកតា (ផ្ទៃដីអាជីវកម្ម ១៨.៦៥២ហិកតា) ផ្ទៃដីអាជីវកម្ម ១៨.៦៥២ហិកតា) ដំណាំឈើហូបផ្លែសរុបចំនួន ៧.៧៨៥ហិកតា មានចេកចំនួន ៤.០១៧ហិកតា ស្វាយចំនួន ២.៨៣៧ហិកតា ក្រូចថ្លុងចំនួន៤០០ហិកតា ម្ចាស់ចំនួន ១៥ហិកតា។

លោក ម៉ា វិចិត្រ បន្ថែមថា ចំពោះវិស័យវិនិយោគ បច្ចុប្បន្ននេះខេត្តមានក្រុមហ៊ុនវិនិយោគ សម្បទានដីសេដ្ឋកិច្ចសរុបមានចំនួន ២៧ក្រុមហ៊ុន មានផ្ទៃដីសរុប ១៤៦.៣៦៦ហិកតា ក្នុងនោះ មាន ២៥ក្រុមហ៊ុន វិនិយោគដំណាំកសិឧស្សាហកម្មនិងចិញ្ចឹមសត្វ និង ២ ក្រុមហ៊ុនវិនិយោគសម្រាប់មណ្ឌលកំសាន្ត និងតំបន់ទេសចរណ៍ (ផ្ទៃដី៣២៤,៣៩ហិកតា)។ ក្រុមហ៊ុនវិនិយោគទាំងនោះមានក្រុមហ៊ុនវៀតណាមចំនួន ១៣ក្រុមហ៊ុន ចិន ៣ក្រុមហ៊ុន ឥណ្ឌា ១ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុកចំនួន ១០ក្រុមហ៊ុន ប្រើប្រាស់កម្មករសរុបចំនួន ១៦.៥៤១នាក់។

លោកបានបន្តទៀតថារាជរដ្ឋាភិបាលបាននឹងកំពុងសិក្សាគិតគូរៀបចំអភិវឌ្ឍន៍លើគម្រោងសំខាន់ៗ រួមមាន៖១.សិក្សាការអភិវឌ្ឍអាកាសយានដ្ឋាននៅក្នុងស្រុកលំផាត់២.គម្រោងវិនិយោគវារីអគ្គសនីស្រែពក៣ មានសមត្ថភាពផលិតថាមពលបាន ៣៦៧មេហ្គាវ៉ាត់ និង ថាមពលដើរដោយពន្លឺព្រះអាទិត្យ ៣.សិក្សាក្នុងការតភ្ជាប់គមនាគមន៍ និងបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តអត្តពី នៃសាធារណរដ្ឋប្រជាមានិតឡាវ ៤.ការសាងសង់ផ្លូវខ្សែក្រវ៉ាត់ព្រំដែន (កំពុងដំណើរការ) ៥.គម្រោងសាងសង់អគារសាលាខេត្តថ្មី ស្ថិតនៅទីតាំងអតីតអាកាសយានដ្ឋានខេត្ត និង ៦.គម្រោងពង្រឹងផ្លូវជាតិលេខ៧៨ ចាប់ពីចំណុចភ្នំស្វាយ ដល់មុខហ្គាឡាក់ហ្ស៊ី។

លោក ម៉ា វិចិត្រ ៖ ខេត្តរតនគីរី មានអំណោយផលល្អក្នុងវិស័យកសិកម្ម

ឆ្លើយតបនឹងបញ្ហានេះ លោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានប្រតិបត្តិតាមតួនាទីនិងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមសន្តិបណ្ឌិត បានបន្តថា កិច្ចប្រជុំនៅពេលនេះ គណៈកម្មការទី៧៣ នៃរដ្ឋសភា បានក្តាប់នូវបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងវិស័យជំនាញ ដែលបានអនុវត្តកន្លងមក ឃើញថាបានជួបបញ្ហាមួយចំនួន។

ចំណែកឯសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៣ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ។

ជាមួយគ្នានោះ លោក ឡូយ សុផាត ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ត្រូវបន្តការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

បន្ទាប់មកនៅរសៀលថ្ងៃដ៏ដែល គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំដោយលោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា អមដំណើរដោយលោក ម៉ា វិចិត្រ អភិបាលខេត្តស្តីទី នៃគណ:អភិបាលខេត្តរតនគីរី បានអញ្ជើញចុះពិនិត្យមើលក្រុមហ៊ុន ហ៊្វូ ស៊ីន លីន យី ឌីវេឡុបម៉ិន ឯ.ក ធ្វើការកែច្នៃដើមឈើកៅស៊ូ និងដើមស្វាយចន្ទី ទៅជាកូមផ្លាកគេរ ដែលមានទីតាំងស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបាលុង ខេត្តរតនគិរី៕

លោក ម៉ា វិចិត្រ ៖ ខេត្តរតនគីរី មានអំណោយផលល្អក្នុងវិស័យកសិកម្ម